ក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តី បានតំណែងជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

មាស សុផាណារ៉ុង August 12, 2019


 

ភ្នំពេញ៖ ក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តី បានគ្រងតំណែងជើងឯកការប្រកួតកីឡាប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ខណៈក្រុមកីឡាប៉េតង់ក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ២។

ក្នុងឱកាសពិធីបិទជាផ្លូវការដោយមានអញ្ជើញចូលរួមពី ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា និងឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

លោក សូ ម៉ៃសុខគា អគ្គលេខាធិការរងសហព័ន្ធ និងប្រធានក្លិបកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងឆ្នាំនេះក្រុមកីឡាប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តីគ្រងតំណែងជើងឯកដោយដណ្តើមមេដាយ ៥គ្រឿង គឺមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ៣គ្រឿង ខណៈក្រុមកីឡាប៉េតង់ក្រសួងការពារជាតិ ទទួលបានចំណាត់ថ្នាក់លេខ២ ដោយឈ្នះមេដាយមាស២គ្រឿង តែប៉ុណ្ណោះ។

លោកបានបន្តថា ក្នុងនាមលោកជាប្រធានក្លឹប និងតំណាងឲ្យក្រុមកីឡាករ-កីឡាការិនី ប៉េតង់ទីស្តីគណៈរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់លោកកត្តិនីតិកោសល្យបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងលោក ឌុយ ធៅ ដែលបានផ្តល់ថវិការ សម្លៀកបំពាក់ ជូនកីឡាប៉េតង់ទីស្តីការគណៈរដ្ឋមន្រ្តី។

សូមបញញ្ជាក់ថា ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ ៥វិញ្ញាសាឲ្យប្រកួត គឺវិញ្ញាសា ៣ទល់៣នាក់ បុរសក្របខណ្ឌ «ក១» ( អាយុ១៨ឆ្នាំឡើង ), វិញ្ញាសា ៣ទល់៣នាក់ បុរសក្របខណ្ឌ «ក២» ( អាយុ១៨ឆ្នាំឡើង ), វិញ្ញាសា ៣ទល់៣នាក់នារី ( អាយុ១៨ឆ្នាំឡើង ), វិញ្ញាសា ៣ទល់៣នាក់ យុវជនអាយុក្រោម១៨ឆ្នាំ វិញ្ញាសា ១ទល់១នាក់យុវនារី អាយុក្រោម១៨ឆ្នាំ ដោយមានក្លឹប និងសមាគមចំនួន៣៧ មកពី២៥ ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ គណៈប្រតិភូគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣៨៣នាក់ រួមមានគណៈប្រតិភូ គ្រូបង្វឹក ៥៦នាក់ និងកីឡាការិនី ៦៣ នាក់៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់