កីឡាករនគរបាលជាតិកម្ពុជា កំពុងកាន់១៥មេដាយក្នុងដៃ ពី៥ប្រភេទកីឡា

មាស សុផាណារ៉ុង August 12, 2019


 

ចិន៖ ក្រុមកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្តើមមេដាយបន្ថែមទៀតហើយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ «The 18th World Police and Fire Games» នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ពេលនេះកម្ពុជាប្រជែងបានមេដាយ ចំនួន ១៥គ្រឿង ហើយដែលក្នុងនោះមេដាយមាស ចំនួន៣គ្រឿង ប្រាក់ ៧គ្រឿង និងមេដាយសំរិទ្ធចំនួន ៥គ្រឿង។ ប្រភេទកីឡាដែលដណ្ដើមបានមេដាយនោះមានប្រភេទកីឡាហែលទឹក កីឡាប្រណាំងទូកនាគ កីឡាវាយកូនឃ្លីលើតុ កីឡាយូដូ និងប្រភេទកីឡាចំបាប់។

កីឡាករ កីឡាការិនី ដែលដណ្ដើមបានមេដាយនោះ មានមេដាយមាស ដណ្តើមបានដោយកីឡាការិនី សុខ វរល័ក្ខណ៍ វិញ្ញាសាហែលកង្កែប ចម្ងាយ១០០ម៉ែត្រ មេដាយសំរិទ្ធ។ កីឡាករ ចេង សុផាវិញ្ញាសាហែលកង្កែប ចម្ងាយ១០០ម៉ែត្រ និងកីឡាករ ធឿន ចាន់ថុល ប្រជែងបានមេដាយសំរឹទ្ធ ១គ្រឿង លើប្រភេទកីឡាហែលទឹក ក្នុងវិញ្ញាសារហែលផ្ងារ ចម្ងាយ៥០ម៉ែត្រ។ កីឡាវាយកូនឃ្លីលើតុកីឡាករ សឺន តុលា នឹងកីឡាករ ឡាយ ភក្តី បានដណ្តើមមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាគូរបុរស។ ក្រុមកីឡាចំបាប់កាច់ដៃរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយចំនួន ៤គ្រឿងក្នុងនោះមានមេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង ចំណែកកីឡាយូដូ ដណ្តើមមេដាយប្រាក់ ៣គ្រឿង និងសំរឹទ្ធ ១គ្រឿង។

ព្រឹត្តិការណ៍ការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ «The 18th World Police and Fire Games» រៀបចំឡើងពីថ្ងៃទី១១ដល់១៨ សីហា។ សូមរំឭកថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ៩៦រូប និងកីឡាចំនួន ១២ប្រភេទ រួមមាន៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និង ប្រណាំងទូក៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់