ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតឲ្យមានបរិញ្ញាបត្រតេក្វាន់ដូនៅកម្ពុជា

មាស សុផាណារ៉ុង August 12, 2019


ភ្នំពេញ៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានអះអាងថា នឹងបង្កើតឲ្យមានបរិញ្ញាបត្រតេក្វាន់ដូនៅ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោកថ្លែងបែបនេះ នាព្រឹកថ្ងៃទី១១ ខែសីហា ក្នុងពិធីចុះអនុសារណៈយោគយល់គ្នារវាងខេមរសហព័ន្ធតេក្វាន់ដូ WT ( World Taekwondo ) ជាមួយ លោក Kim Kyung duk ដែលជាប្រធានសមាគមតេក្វាន់ដូដែលធំជាងគេនៅប្រទេសកូរ៉េខាងត្បូង គឺសមាគម Gyeonggido (Gyeonggido Taekwondo Association)។

កិច្ចព្រមព្រៀងដែលមិនកំណត់ពីសុពលភាពនោះធ្វើឡើងដើម្បីពង្រីកវិសាលភាពតេក្វាន់ដូទៅក្នុងពិភពលោក ការដោះដូរកីឡាករ កីឡាការិនី គ្នាទៅវិញទៅមកក្នុងការហ្វឹហាត់ការប្រកួត ការធ្វើសិក្ខាសាលារួមគ្នាអំពីក្បាច់គុន ព្រមទាំងការប្រកួតជាលក្ខណៈអន្តរជាតិរវាងខេមរសហព័ន្ធតេក្វាន់ដូជាមួយសមាគម Gyeonggido។ ឯកឧត្តម ហង់ ជួនណារ៉ុន បន្តថាអនាគតនឹងបង្កើតឲ្យមានបរិញ្ញាប័ត្រតេក្វាន់ដូ នៅកម្ពុជា ដោយសិក្សារយៈ ៤ឆ្នាំ។ បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រពួកគេនឹងចុះទៅធ្វើការតាមបណ្ដាខេត្តពេលនោះវិសាលភាពតេក្វាន់ដូនៅកម្ពុជា នឹងកាន់តែទូលំទូលាយ។

សព្វថ្ងៃនេះតេក្វាន់ដូកំពុងតែរីកចម្រើនខ្លាំងនារាជធានីភ្នំពេញ បន្តិចទៀត ទាំង ២៥ រាជធានី-ខេត្ត ក៏នឹងរីកចម្រើនដូចរាជធានីភ្នំពេញ ផងដែរ។ សព្វថ្ងៃនេះនៅ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បណ្ដុះបណ្ដាលត្រឹមតែ ២ឆ្នាំប៉ុណ្ណោះដែលមួយឆ្នាំៗបណ្ដុះបណ្ដាល ១៥០នាក់បន្តិចទៀតបណ្ដុះបណ្ដាល ៤ឆ្នាំ គឺកម្រិតបរិញ្ញាបត្រតែម្ដង។ លោក Kim Kyung duk បានឲ្យដឹងដែរថាក្នុងអំឡុងដែលលោកស្នាក់នៅកម្ពុជា លោកបានចុះទៅដល់ខេត្តមួយចំនួនដូចជាកំពង់ឆ្នាំង ក្រចេះ កំពង់ស្ពឺ កំពង់ធំ ឃើញថាតេក្វាន់ដូនៅទីនោះកំពុងតែមានសកម្មភាពល្អប្រសើរ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់