អត្តពលិកតេក្វាន់ដូ ITF ១៦រូបនឹងចេញទៅប្រកួតជើងឯកពិភពលោកនៅប៊ុលហ្គារី ចុងខែនេះ

មាស សុផាណារ៉ុង August 11, 2019


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រកាសសមាសភាពកីឡាករ កីឡាការិនី ចំនួន ១៦នាក់ ដែលត្រូវចេញទៅប្រកួតដណ្ដើមយកមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក លើកទី១៤ នៅទីក្រុងប្លូវឌីវ ( Plovdiv ) ប្រទេសប៊ុលហ្គារី។

ព្រឹត្តិការណ៍ «21st Adult and 9th Veteran World ITF Taekwon-do Championships​ 2019» នេះ នឹងចាប់ផ្ដើមប្រកួតនាថ្ងៃទី ទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដោយក្នុងចំណោម ១៦រូបនេះ គឺមានកីឡាករជម្រើសជាតិ ៧រូប កីឡាការិនីម្នាក់ និងមានកីឡាករថ្នាលចំនួន ៧រូប និង កីឡាការិនីថ្នាលចំនួន ១រូប ផងដែរ។ លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានថ្លែងថា៖ «តេក្វាន់ដូអាយ ធី អេហ្វ គឺជាក្បាច់គុនរបស់ប្រទេសកូរ៉េខាងជើង ដែលមានអាយុកាលជាង៥០ឆ្នាំ មកហើយ។ ពេលនេះប្រកួតក្រៅប្រទេសកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុនកម្ពុជានឹងធ្វើបានកាន់តែល្អ»។

ទោះបីលោកមានជំនឿចិត្តលើវិញ្ញាសាប្រយុទ្ធត្រឹមតែ ៧០ភាគរយក៏ពិតមែនតែសម្រាប់វិញ្ញាសាមេគុនការសម្តែងបច្ចេកទេសពិសេស លោកមានជំនឿចិត្តខ្លាំង។ លោកនិយាយដោយកំប្លែងតែបង្កប់ដោយការពិតថា៖ «យើងទៅវ៉ៃគេមិនមែនទៅឲ្យគេវ៉ៃនោះឡើយ» លោកលើកហេតុផលថាកាលពីប្រកួតជើងឯកពិភពលោកនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរេខាងជើង ក្នុងចំណោមប្រទេសជាង៧០ ដែលចូលរួម កម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ១០ គឺលើប្រទេសជាង ៦០ទៀត។

ជាមួយនឹងការបង្ហាញពីសមាសភាពកីឡាករកីឡាការិនីដែលត្រូវទៅចូលរួមប្រកួតនោះសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វកម្ពុជា ក៏បានគល់សញ្ញាបត្របញ្ជាក់ពីដាន់ ( កម្រិតខ្សែក្រវាត់ ) ថ្នាក់ពិភពលោកដល់កីឡាករ កីឡាការិនី របស់ខ្លួនចំនួន ៣៣រូប ដែលក្នុងនោះមានមួយរូបបានទទួលកម្រិត៥ដាន់ ក្រៅពីនោះមានកម្រិត៤ដាន់ ៣ដាន់ ២ដាន់ និង ១ដាន់ ទៀតផង៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់