សុខ សប្បាយណា៖ «សូមឱ្យអត្តពលិកប៊ូលទាំងអស់ ប្រឹងប្រែងអស់លទ្ធភាពក្នុងការប្រកួតថ្នាក់ជាតិឆ្នាំនេះ»

មាស សុផាណារ៉ុង August 9, 2019


 

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានរៀបចំពិធីបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០១៩ ដែលមានកីឡាករចូលរួមចំនួន ៣៨៣នាក់ មកពី៣៧ក្លិបទូទាំងរាជធានី ខេត្ត ក្រោមអធិបតីរបស់ឯកឧត្តម ប៉ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡា។

នៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ឯកឧត្តម សុខ សប្បាយណា ដែលទើបតែឡើងកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងថា៖ «ការប្រកួតនេះ យើងធ្វើឡើង ក្នុងគោលបំណងផ្ដល់ឱកាសដល់យុវជន ទាំងអ្នកនៅក្នុងរាជធានីភ្នំពេញ និង តាមបណ្ដាលខេត្តនានា មកញ្ចេញសមត្ថភាព បច្ចេកទេស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជាការប្រកួតចម្រាញ់ជ្រើសរើសយកអត្តពលិកដែលមានសមត្ថភាពខ្ពស់ ចូលរួមនៅក្នុងព្រឹត្តិការណ៍ចំនួន ៣ដែលនឹងត្រូវរៀបចំនៅចុងឆ្នាំនេះ គឺទី១ពានរង្វាន់សម្ដេចវិបុលបញ្ញា សុខ អាន ទី២ ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង និងទី៣ ជើងឯកកីឡាប៉េតង់ពិភពលោកយុវជន និង ស្រី្ត។»

លោកសង្កាត់ធ្ងន់ថា៖ «វាមិនត្រឹមជាឱកាសដែលអត្តពលិកត្រូវបញ្ចេញសមត្ថភាពប៉ុណ្ណោះទេ តែវាជាការប្រកួតមួយដែល សហព័ន្ធ ត្រូវសម្លឹងមើលកីឡាករ-កីឡាការិនីថ្នាល ដែលប្រកបដោយសក្ដានុពល និងឆន្ទៈស្រឡាញ់កីឡាប៊ូល និងប៉េតង់ ដើម្បីអាចប្រមូលចូលរួមហ្វឹកហាត់ ត្រៀមខ្លួនប្រកួតនៅក្នុងព្រឹត្តិការណ៍ដ៍អស្ចារ្យ នៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមផងដែរ។»

សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ នេះ មានរយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅទីលានសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំឡើងដោយសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា។

ដោយមាន៥វិញ្ញាសា គឺវិញ្ញាសា «ក១» ៣ទល់នឹង៣ផ្នែកបុរស មាន៨ក្រុមចែកជា២ពូល, វិញ្ញាសា «ក២» ៣ទល់នឹង៣ផ្នែកបុរសមាន៣៩ក្រុម ចែកជា៨ពូល, វិញ្ញាសាស្រ្តី ៣ទល់នឹង៣ មាន១០ក្រុម ចែកជា២ពូល, វិញ្ញាសាយុវជន ៣ទល់នឹង៣ មាន១៩ក្រុម ចែកជា៤ពូល និងវិញ្ញាសា យុវនារី ១ទល់នឹង១ មាន២៤ក្រុម ចែកជា៤ពូល៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់