គ្រូ គុនដាវសញ្ជាតិបារាំង ជួយបង្ហាត់កម្ពុជា ត្រៀមកីឡា SEA Games ២០១៩ និង២០២៣

មាស សុផាណារ៉ុង August 8, 2019


 

ភ្នំពេញ៖ លោកគ្រូបង្វឹកគុនដាវ ( ចាក់សាប ) សញ្ជាតិបារាំង លោក Bruno GABY បានមកប្រទេសកម្ពុជាហើយដើម្បីសហព័ន្ធកីឡាគុនដាវ សម្រាប់គោលដៅត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ «SEA Games ២០១៩ ដល់ ២០២៣» ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក សុខ អាង អគ្គលេខាធិការនៃសហព័ន្ធកីឡាគុនដាវ បាននិយាយថា ក្នុងនាមសហព័ន្ធសូមអរគុណដល់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ដល់គ្រូបង្វឹកគុនដាវសញ្ជាតិបារាំង លោក Bruno GABY ដល់សហព័ន្ធកីឡាគុនដាវ ក្នុងគោលដៅត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣។

លោកគ្រូបានចាប់ផ្ដើមធ្វើការបង្ហាត់តាំងពីពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្នុងនាមជាប្រធានបច្ចេកទេសរបស់សហព័ន្ធ។ លោកបានបន្តថា យោងតាមផែនការមេ ២០១៧-២០២១ និងផែនការត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ «SEA Games» គ្រូបង្វឹករូបនេះមានបេសសកម្មសំខាន់ៗមួយចំនួន រួមមានការដឹកនាំ និងកំណែទម្រង់គណៈកម្មការបច្ចេកទេសឡើងវិញ រៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្វឹក មន្រ្ដីបច្ចេកទេស និងអាជ្ញាកណ្ដាលគុនដាវ។

លោក សុខ អាង អគ្គលេខាធិការបន្ថែមទៀតថា ចំណុចដឹកនាំក្រុមអត្តពលិកគុនដាវ ដើម្បីទទួលបានជោគជ័យក្នុងឆាកអន្ដរជាតិ បច្ចុប្បន្នសហព័ន្ធក៏នៅមានការខ្វះខាតជាច្រើនដូចជាថវិកាសម្រាប់រៀបចំគម្រោង សម្ភារៈសម្រាប់ការបណ្ដុះបណ្ដាល ទីស្នាក់ការ ទីលានហ្វឹកហាត់ និងថវិកាសម្រាប់ការចេញទៅប្រកួតនៅស្រុកក្រៅជាដើម៕

 

រូបភាព៖ Fencing Federation of Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់