កីឡាករ កីឡាការិនី ៣២៧នាក់ ចូលរួមការប្រកួតកីឡាប៉េតង់ជើងឯក ប្រចាំឆ្នាំ២០១៩

មាស សុផាណារ៉ុង August 8, 2019


 

ភ្នំពេញ៖ បន្ទាប់ពីលើកពេលប្រកួតម្ដងទៅហើយ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមឡើងវិញដោយប្រកួតពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា នាទីលានពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះមាន កីឡាករ​-កីឡាការិនី ចូលរួមចំនួន ៣២៧នាក់ ហើយបើគិតទាំងប្រតិភូដឹកនាំនោះគឺមាន ចំនួន ៣៨៣នាក់។ នេះជាការប្រកួតប្រចាំឆ្នាំក្រោមថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។

ព្រឹត្តិការណ៍ជ្រើសរើសជើងឯកទូទាំងប្រទេសឆ្នាំនេះសហព័ន្ធបានដាក់ ៥វិញ្ញាសា ឲ្យប្រកួតគឺវិញ្ញាសា ៣នាក់ទល់៣នាក់ បុរសក្របខណ្ឌ «ក១» ( អាយុ១៨ឆ្នាំឡើង ) និងវិញ្ញាសា ៣នាក់ទល់៣នាក់បុរស ក្របខណ្ឌ «ក២» ( អាយុ១៨ឆ្នាំឡើង )។

វិញ្ញាសា ៣ទល់៣នាក់នារី ( អាយុ១៨ឆ្នាំឡើង ) វិញ្ញាសា ៣ទល់៣នាក់យុវជន អាយុក្រោម១៨ឆ្នាំ, វិញ្ញាសា ១នាក់ទល់១នាក់យុវនារីអាយុក្រោម១៨ឆ្នាំ។ ការប្រកួតឆ្នាំនេះ មិនមានវិញ្ញាសាវាយយកពិន្ទុ ( Shooting ) ឡើយ។

សូមបញ្ជាក់ថា ការប្រកួតឆ្នាំនេះមានក្លិប និងសមាគមចំនួន៣៧ មកពី ២៥រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា។ គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៣៨៣នាក់ ដែលមានកីឡាការិនីចំនួន៦៣នាក់ និងគ្រូបង្វឹកព្រមទាំងប្រតិភូដឹកនាំចំនួន ៥៦នាក់៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់