ទូកក្តោងកម្ពុជា ត្រៀមបញ្ជូនកីឡាករ ៦រូប ទៅហ្វឹកហាត់នៅសិង្ហបុរី ម៉ាឡេស៊ី និងចិន

មាស សុផាណារ៉ុង August 7, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា ត្រៀមបញ្ជូនកីឡាករចំនួន ៦រូប ទៅចូលរួមហ្វឹកហាត់នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងប្រទេសចិនពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ដើម្បីត្រៀមសម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ ធ្នូ នៅប្រទេសហ្វីលីពីន។

ក្រោយពីការប្រកួតកីឡាទូកក្តោង «Pesta Sukan Dinghy Regatta 2019» នៅប្រទេសសឹង្ហបុរី ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោងសឹង្ហបុរី បានបញ្ចប់រួចមក ជាលទ្ធផលកីឡាករ ញ៉ូវ ចាន់ វ័យ១៧ឆ្នាំ ប្រកួតលើវិញ្ញាសា Laser Standard ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៤រូប មកពី៣ ប្រទេសគឺ សឹង្ហបុរី កាណាដា និងកម្ពុជា ដោយទទួលបានមេដាយមាស ១គ្រឿង និងទទួលបានចំណាត់ថ្នាក់លេខ២ លើវិញាសា Laser Mix Open ក្នុងចំណោមកីឡាករ ១៤រូប។

នេះគឺជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆមាសទី២ នៃឆ្នាំ២០១៩ និងជាមេដាយមាសដំបូងរបស់សហព័ន្ធកីឡាទូកក្តោង។

សហព័ន្ធកីឡាទូកក្តោងកម្ពុជាត្រៀមបញ្ជូនកីឡាករលើវិញ្ញាសា Laser Boat ចំនួន ២រូបទៅចូលរួមហ្វឹកហាត់នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី និងត្រៀមបញ្ជូនកីឡាករវិញ្ញាសា Windsurfing ចំនួន០៤រូប ចេញទៅហ្វឹកហាត់នៅប្រទេសចិន ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកា ដើម្បីត្រៀមសំរាប់ចូលរួមក្នុងពឹ្រត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅ ខែធ្នូ នៅប្រទេសហ្វីលីពិន និងដើម្បីត្រៀមសំរាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពជាយើងនឹងធ្វើជាម្ចាស់ផ្ទះ៕

 

រូបភាព៖ sailing.org.sg

អត្ថបទ៖ វ៉ាន្នី

មតិយោបល់