យុវជនតេក្វាន់ដូ WT កម្ពុជា ៣នាក់ដណ្តើមមេដាយ ១៥គ្រឿង ក្នុងព្រឹត្តិការណ៍២ផ្សេងគ្នា នៅកូរ៉េខាងត្បូង

មាស សុផាណារ៉ុង August 6, 2019


 

ភ្នំពេញ៖ លោក គង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានអញ្ជើញទទួលស្វាគមន៍ក្រុមកីឡាករតេក្វាន់ដូ WT វ័យក្មេងចំនួន ៣រូប ដណ្តើមបានមេដាយ ១៥គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ចំនួន ៤នៅប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩។

លោកអគ្គលេខាធិការខេមរសហព័ន្ធបាននិយាយថា ក្រុមកីឡាករតេក្វាន់ដូ WT វ័យក្មេងចំនួន ៣រូប ដណ្តើមបានមេដាយ ១៥គ្រឿង ដោយក្នុងម្នាក់ដណ្តើមមេដាយចំនួន ៥គ្រឿង រួមមានកីឡាករតេក្វាន់ដូ WT វ័យក្មេង ឈន គីមហាក់ ដណ្តើមមេដាយមាស ៤គ្រឿង និងប្រាក់ ១គ្រឿង កីឡាករ សំណាង វ៉ាន់ណែត ដណ្តើមមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង និងកីឡាករ សុខ សញ្ចានា ដណ្តើមមេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង។

លោក ជាតិ ខេមរា ជាគ្រូបង្វឹកបានឲ្យដឹងថា សម្រាប់ការប្រកួតតេក្វាន់ដូ WT Jeonju Open ដណ្តើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធិ ២គ្រឿង ហើយការប្រកួតតេក្វាន់ដូ WT World Taekwondo Hanmadang ដណ្តើមមដាយប្រាក់ ១គ្រឿង ( មេគុណក្រុមបុរស៣នាក់ ) ការប្រកួតតេក្វាន់ដូ WT Gwang Ju Open មេគុណក្រុម ៣នាក់ ដណ្តើមបានមដាយមាស ១គ្រឿង និងឯកត្តជន ៣នាក់ដណ្តើមបានមាស ៣គ្រឿង សរុបមាស ៤គ្រឿង។

លោកបានបន្តថា តេក្វាន់ដូ WT World Peace Taekwondo Festival មេគុណឯកត្តជនទាំង ៣នាក់ដណ្តើមបានមេដាយមាស ៣គ្រឿង។ ចំនួនមេដាយសរុបគឺចំនួន ១៥គ្រឿង ក្នុងម្នាក់ទទួលបានមេដាយ ៥គ្រឿង ក្នុងនោះមានវិញ្ញាសាសរុប ១១វិញ្ញាសា៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់