ប៉េតង់កម្ពុជា បង្ហាញឈ្មោះ កីឡាករ និងកីឡាការិនី ដែលត្រូវចូលរួមប្រកួតពានរង្វាន់ពិភពលោក

មាស សុផាណារ៉ុង August 6, 2019


 

ភ្នំពេញ៖ ​កម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតជើងឯកពិភពលោក នៃប្រភេទកីឡាប៉េតង់ ( World Youth & Women’s Championships ) នាចុងឆ្នាំ២០១៩ ខណៈពេលនេះកម្ពុជាបានបង្ហាញពីបញ្ជីឈ្មោះ កីឡាករ-កីឡាការិនី ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាផ្លូវការផងដែរ។

ទោះបីបញ្ជីឈ្មោះនេះអាចនឹងមានការប្រែប្រួលក្នុងករណី កីឡាករ-កីឡាការិនី មានបញ្ហាខាងសុខភាព ឬការហ្វឹកហាត់របស់គេមិនបានល្អក៏នេះជាបញ្ជីឈ្មោះជាផ្លូវការផងដែរ។ កម្ពុជាបានសម្រេចចិត្តដាក់កីឡាករ បុរស ២ក្រុម និងនារី ២ក្រុមចូលរួមប្រកួត។

សម្រាប់បុរសក្រុមទី១ មានកីឡាករ ឃួន លីហ៊, កីឡាករ កុយ សុភក្ត្រា, កីឡាករ ភាព រ៉ាឃីម និងកីឡាករ គង់ កែវសុខាន់។ ចំពោះក្រុមទី២ មានកីឡាករ ទីវ រដ្ឋា, កីឡាករ ពុត យ៉ុនច័ន្ទដារ៉ា, កីឡាករ វ៉ាន ភារុណ និងកីឡាករ ហេង ស៊ីណា។

ចំពោះកីឡាការិនី ទាំង ២ក្រុមវិញនោះ ក្រុមទី១ មានកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៣សម័យកាល កីឡាការិនី អ៊ុក ស្រីមុំ, កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនី កែវ សុវណ្ណា។ រីឯក្រុមទី២ វិញនោះមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, កីឡាការិនី វង ចន្ថា, កីឡាការិនី ឃួន យ៉ារី និងកីឡាការិនី ដួង ឌីណា។

សូមបញ្ជាក់ថា ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា នេះគេនៅមិនទាន់ដឹងថាតើនឹងមានប្រទេសចំនួនប៉ុន្មានចូលរួមឡើយ ប៉ុន្តែបើយោងតាមការបង្ហើបឲ្យដឹងពីមន្រ្តីសហព័ន្ធនោះថាមានមិនតិចជាង ៤០ប្រទេសនោះទេដែលនឹងចូលរួម។ ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតនោះមានតែ ២វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសាវាយយកពិន្ទុ ( Shooting ) និងវិញ្ញាសាប្រ កួត ៣ នាក់ទល់នឹង ៣នាក់៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់