កីឡាករនៃអង្គភាពនគរបាលជាតិកម្ពុជា ជិត១០០នាក់ ទៅចូលរួមប្រកួតកីឡាប៉ូលីសពិភពលោក នៅចិន

មាស សុផាណារ៉ុង August 6, 2019


 

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កីឡាករ-កីឡាការិនី នៃអង្គភាពកីឡានគរបាលជាតិកម្ពុជា ចំនួន ៩៦រូប បានចេញដំណើឆ្ពោះទៅកាន់ប្រទេសចិនហើយ ដើម្បីចូលរួមប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ ( The 18th World Police and Fire Games )។

កម្ពុជាបានបញ្ជូនអត្តពលិកទៅចូលរួមចំនួន ៩៦នាក់ និងចែកជើងហោះហើរចំនួនពីរផ្សេងគ្នា ដោយអត្តពលិកចំនួន ៤៨នាក់ ត្រូវចាកចេញនៅយប់ថ្ងៃទី ៥ សីហា ម៉ោង ១២:៣០នាទីយប់ ឈានចូលថ្ងៃទី០៦ សីហា ចំណែកអត្តពលិក ៤៨នាក់ ផ្សេងទៀត នឹងត្រូវឆ្ពោះទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី០៦ សីហា វេលាម៉ោង ១០:៣០នាទី។

ថ្លែងប្រាប់បណ្ដាញពត៌មាននៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលចេញដំណើរឯកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍នេះ គឺជាលើកដំបូងហើយដែលកម្ពុជាទៅចូលរួមប្រកួត។ លោកចាត់ទុកថានេះជាព្រឹត្តិការណ៍ប្រកួតដ៏ធំមួយដែលយ៉ាងហោចណាស់ក៏មានប្រទេសជាង ១០០ដែរ ដែលនឹងបញ្ជូនកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួត។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោកផ្កាយ ៣រូបនេះ នៅតែមានជំនុកចិត្តកម្ពុជានឹងមានឱកាសដណ្ដើមបានមេដាយគ្រាន់តែមិនដឹងថាជាមេដាយអ្វីតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រកួតនៃព្រឹត្តិការន៍នេះនឹងចាប់ផ្ដើម ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន។

សម្រាប់អត្តពលិកចំនួន ៩៦រូបនេះនឹងត្រូវចូលរួមប្រកួតលើកីឡាចំនួន ១២ប្រភេទ រួមមាន៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និង ប្រណាំងទូកកានូ៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់