ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» លើកទី២ នៅលើភ្នំដងរែកនឹងធ្វើនៅដើមខែកុម្ភៈ ឆ្នាំ២០២០

មាស សុផាណារ៉ុង August 6, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» លើកទី២ នៅលើភ្នំដងរែក នឹងធ្វើនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នាដើមឆ្នាំក្រោយនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ តំណាងរដ្ឋបាលស្រុកអន្លង់វែង និងមន្ត្រីមន្ទីរក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ បើកកិច្ចប្រជុំពីការរៀបចំព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡា «ថ្មើរជើងប្រវត្តិសាស្ត្រ» លើកទី២ សង្ឃឹមថា នឹងមានអ្នកចូលរួមច្រើន ជាពិសេសអ្នកមកពីប្រទេសថៃ ប្រហែលចំនួន ៥០០នាក់ ដោយមានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ គឺទី១ រត់ប្រណាំងកម្សាន្តចម្ងាយ ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ នៅលើភ្នំដងរែក ហើយព្រឹត្តិការណ៍នឹងធ្វើនៅខាងក្រោមផ្ទះតាម៉ុកក្រោមភ្នំដងរែក។ លោកបានបន្តថា បន្ទាប់ពីរត់បញ្ចប់ជាផ្លូវការយើងនឹងធ្វើការសម្តែងសិល្បៈរួមគ្នាកម្ពុជា និងថៃ ព្រមទាំងពន្យល់ណែនាំពីប្រវត្តិសាស្ត្របង្ហាញឲ្យស្គាល់ពីស្ថានភាពនៃទីតាំងតំបន់ចុងក្រោយរបស់ខ្មែរក្រហម និងតំបន់ទទួលបានសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជាឲ្យពិភពលោកបានដឹង។

សម្រាប់ព្រឹត្តិការណ៍លើកនេះ នឹងអញ្ជើញមន្រ្តីស្ថានទូតទាំងអស់គ្នាក្នុងប្រទេសកម្ពុជា ចូលរួមផងដែរ ព្រមទាំងធ្វើពិធីហូបនំបញ្ចុករួមគ្នា។ លោកអគ្គលេខាធិការបានបន្ថែមទៀតថា បន្ទាប់មកនៅវិទ្យាល័យអន្លង់វែង នឹងរៀបចំការប្រកួតកីឡាមិត្តភាពរវាងកម្ពុជា និងថៃ ដូចជាកីឡាបាល់ទាត់, បាល់ទះ និងកីឡាប៉េតង់។

ចាំបានថា កាលដើមឆ្នាំ២០១៩ ព្រឹត្តិការណ៍នេះ ឡើងនាថ្ងៃទី០១ ខែមករា ដោយបានទទួលជោគជ័យគឺមានអ្នកចូលរួម ១៤០០នាក់ ក្នុងនោះមានអ្នករត់មកពីប្រទេសថៃប្រហែលជា ២០០ ទៅ ៣០០នាក់ដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់