ទិវាម៉ារ៉ាតុង ចក្រភពខ្មែរ បញ្ចប់ដោយជោគជ័យ និងមានការគាំទ្រពីអ្នករត់ជាតិអន្តរជាតិយ៉ាងច្រើនកុះករ

មាស សុផាណារ៉ុង August 5, 2019


 

សៀមរាប៖ ព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិ ចក្រភពខ្មែរ ( Khmer Empire Full Marathon ) បានប្រារព្ធឡើង នឹងបញ្ចប់ជាផ្លូវការក្នុងរដូវកាលទី៦ របស់ខ្លួន ដោយទទួលការគាំទ្រយ៉ាងច្រើន លើទឹកដីមរមតក អង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃអាទិត្យទី០៤ ខែសីហា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយនឹងក្រសួងទេសចរណ៍។

ឆ្នាំនេះមានអ្នកចូលរួមរត់មានចំនួនជាង ៣,៧០០នាក់ ដែលក្នុងនោះមានជនបរទេស ចំនួន ១,៧៥៨នាក់ មកពី ៥០ប្រទេស និងកម្ពុជាចំនួន ១,៩១៦នាក់កើនចំនួន ១៥ ភាគរយ។ ជារួមទាំងភ្ញៀវជាតិ និងពិសេសភ្ញៀវអន្តរជាតិ មានចំនួនជាង ៤០ភាគរយ ក្នុងចំណោមអ្នកចូលរួមរត់ចម្រុះជាតិសាសន៍។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថាគោលបំណងនៃការបង្កើតព្រឹត្តិការណ៍នេះផ្ដោតសំខាន់លើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ក្នុងរដូវភ្លៀង ដែលមានការធ្លាក់ចុះ និងជាការផ្សារភ្ជាប់នូវសកម្មភាពមនុស្សធម៌ក្នុងការស្វែងរកថវិកាជួយដល់មន្ទីរពេទ្យកុមារ និងកិច្ចការសង្គមជាច្រើនទៀត។

ចំពោះលទ្ធផលជ័យលាភីដែលផ្តល់ជូនយ៉ាងយុត្តិធម៌បំផុតដោយម៉ាស៊ីនស្វ័យប្រវត្តិនោះ រួមមាន៖ វិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ ផ្នែកនារី៖

  • លេខ១ កីឡាការិនីចិន SHN Hong xia
  • លេខ២ កីឡាការិនីជប៉ុន YamAMOTO Mari
  • លេខ៣ កីឡាការិនីជប៉ុន Yamamoto Eri

៤២គីឡូម៉ែត្រ ផ្នែកបុរស៖

  • លេខ១ កីឡាករកម្ពុជា Takizaki Kuniaki
  • លេខ២ កីឡាករជប៉ុន Yoneda michiyo
  • លេខ៣ កីឡាករអាមេរិក Gruber Tim

លទ្ធផលរត់ចម្ងាយ២១គីឡូម៉ែត្រ ផ្នែកនារីបានទៅលើកីឡាការិនីជប៉ុនទាំងអស់៖

  • លេខ១ កីឡាការិនី Tanimara Yuko
  • លេខ២ កីឡាការិនី SASAKI Natsuke
  • លេខ៣ កីឡាការិនី Mashita Mieko

ខណៈផ្នែកបុរស៖

  • លេខ១ កីឡាករជប៉ុន Yamauchi Daisuke
  • លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ
  • លេខ៣ កីឡាករអង់គ្លេស David George

លទ្ធផលរត់ចម្ងាយ១០គីឡូម៉ែត្រផ្នែកនារី៖

  • លេខ១ បានទៅលើកីឡាការិនីសហរដ្ធអាមេរិក Gernin Michlle
  • លេខ២ បានទៅលើកីឡាការិនីជប៉ុន Konishi Mosako
  • លេខ៣ បានទៅលើកីឡាការិនីអង់គ្លេស Vogel Sophie

ផ្នែកបុរស៖

  • លេខ១ កីឡាករកម្ពុជា ឡៃ តេរ៉ង់
  • លេខ២ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា
  • លេខ៣ កីឡាករសហរដ្ធអាមេរិក Vishnevsky Mark

ព្រឹត្តិការណ៍រត់នេះធ្វើឡើងក្រោមពាក្យស្លោក‍ យើងនាំគ្នារត់ឆ្ពោះទៅកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា។ ឯកឧត្តម ថោង ខុន បានថ្លែងប្រាប់បណ្ដាញសារពត៌មានថា អ្វីដែលត្រូវសប្បាយចិត្តនោះគឺកីឡាករបរទេសកើនឡើង ១៥ភាគរយ និងមកពី ៥០ប្រទេស ព្រមទាំងមានការចូលរួមច្រើនពីប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះកម្ពុជា កាន់តែមានបទពិសោធន៍ក្នុងការរៀបចំ និងការផ្ដល់ចំណាត់ថ្នាក់ដោយយុត្តិធម៌៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់