សហព័ន្ធវាយកូនបាល់កម្ពុជា ក្លាយជាគោលដៅគម្រូសម្រាប់ប្រទេសក្នុងទ្វីបអាស៊ី

មាស សុផាណារ៉ុង August 5, 2019


 

ភ្នំពេញ៖ ប្រទេសចំនួន ១២ ក្នុងទ្វីបអាស៊ី ដែលកំពុងតែធ្វើការអភិវឌ្ឍន៍កីឡាវាយកូនបាល់នោះត្រូវ សហព័ន្ធកីឡាវាយកូនបាល់ទ្វីបអាស៊ី ឲ្យយកគម្រូតាមប្រទេសកម្ពុជា ដែលកំពុងតែបង្ហាញពីការរីកចម្រើនខ្លាំងលើប្រភេទកីឡានេះ។

នេះបើយោងតាមកិច្ចប្រជុំមួយដែលមានឈ្មោះថា «អភិវឌ្ឍន៍វាយកូនបាល់អាស៊ី – Asian Development Meet 2019» នៅព្រឹកថ្ងៃទី០៣ ខែសីហា នាក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ដែលមានប្រទេសចំនួន ១២ចូលរួមដោយមានតំណាងពីសហព័ន្ធវាយកូនបាល់ទ្វីបអាស៊ី ជនជាតិឥណ្ឌាគឺ លោក ManPreet។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដែលជាប្រធានអង្គប្រជុំបានឲ្យដឹងថាប្រទេសទាំង១២ ដែលមកចូលរួមប្រជុំនោះរួមមាន កម្ពុជា, តាជីគីស្ថាន, វៀតណាម, ទួគមីនីស្ថាន, អូម៉ង់, នេប៉ាល់, ម៉ាល់ឌីវ, ម៉ាកាវ, ឡាវ, ប្រុយណេ, បារ៉ែន និងអាហ្វហ្គានីស្ថាន។

ប្រទេសទាំងនេះសុទ្ធតែជាប្រទេសដែលកំពុងតែអភិវឌ្ឍន៍ប្រភេទកីឡាវាយកូនបាល់ក្នុងចំណោមប្រទេស ទាំង ១២ នេះប្រទេសកម្ពុជា គឺជាប្រទេសដែលមានការអភិវឌ្ឍន៍បានប្រសើរជាងគេ ហេតុនេះហើយទើបសហព័ន្ធអាស៊ីជ្រើសរើសយកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដើម្បីឲ្យកម្ពុជាបង្ហាញនូវបទពិសោធន៍របស់ ខ្លួនក្នុងការអភិវឌ្ឍន៍។

ជារៀងរាល់ឆ្នាំ សហព័ន្ធកីឡាវាយកូនបាល់ទ្វីបអាស៊ី តែងតែផ្ដល់នូវថវិកាដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីឲ្យប្រទេសទាំងនេះរីកចម្រើនទាន់ប្រទេសដទៃទៀត។ នេះជាលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបែបនេះ ព្រមទាំងបង្ហាញពីបទពិសោធន៍របស់ខ្លួនដល់បណ្ដាប្រទេសដែលកំពុងតែអភិវឌ្ឍន៍ដូចគ្នា ហើយប្រទេសដែលចូលរួមសុទ្ធតែរីករាយក្នុងការទទួលយកនូវបទពិសោធន៍ដែលកម្ពុជាផ្ដល់ឲ្យ៕

 

រូបភាព៖ Tennis Cambodia

អត្ថបទ៖ វ៉ាន្នី

មតិយោបល់