ព្រឹត្តិការណ៍រត់ប្រណាំង Khmer Empire Full Marathon ឆ្នាំនេះនឹងមានអ្នកចូលរួមរហូតទៅដល់ ៣៥០០នាក់

នូ មករា August 2, 2019


 

ភ្នំពេញ៖ ព្រឹត្តិកាណ៍ប្រកួតរត់ប្រណាំង Khmer Empire Full Marathon លើកទី៦ នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី៤ ខែសីហា ចុងសប្ដាហ៍នេះជាមួយនឹងវត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ រហូតទៅដល់ ៣៥០០នាក់ មកពី ៥០ប្រទេសចូលរួមក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយនឹងក្រសួងទេសចរណ៍។

បើតាមប្រសាសន៍របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានប្រាប់មុននេះមកថា៖ «នេះជារដូវភ្លៀងដែលធ្វើឲ្យភ្ញៀវទេសចរធ្លាក់ចុះ ហើយប្រជាពលរដ្ឋប្រកបរបអាជីវកម្មក៏រកចំណូលប្រចាំថ្ងៃធ្លាក់ចុះ ដែលជាហេតុ NOCC និងក្រសួងទេសចរណ៍ ផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះដើម្បីស្រូបយកភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរ ក្នុងរដូវភ្លៀងធ្លាក់។ មួយវិញទៀតធ្វើឲ្យប្រជាពលរដ្ឋ រកប្រាក់ចំណូលបានច្រើន សម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ ក៏ដូចជាចូលរួមផ្សព្វផ្សាយឲ្យបរទេសមកលេងប្រាសាទអង្គរវត្តកាន់តែច្រើនផងដែរ»

លោកបានបន្តថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦ នេះក្នុងចំណោម៣៥០០នាក់ គឺមានជនបរទេស១៧៥៨នាក់ មានកំណើន១៥% បើធៀបនឹងឆ្នាំ ២០១៨ (ដោយជនជាតិចិនជាប់លំដាប់លេខ១ វៀតណាមជាប់លេខ២ និង ម៉ាឡេស៊ីជាប់លេខ៣) និងជនជាតិកម្ពុជាចំនួន ១៥៤៥នាក់ មានកំណើន១០% បើធៀបនឹងឆ្នាំ ២០១៨។

គួរបញ្ជាក់ផងដែរថា ការរៀបចំទិវារត់ប្រណាំង Full Marathon នេះគឺផ្ដោតសំខាន់លើការទាក់ទាញភ្ញៀវទេសចរណ៍ និងភ្ជាប់ជាមួយការងារសប្បុរសធម៌ផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់