វ៉ូវីណាមកម្ពុជា ហ្វឹកហាត់៣ដងមួយថ្ងៃ ត្រៀមធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ចុងឆ្នាំ២០១៩

មាស សុផាណារ៉ុង August 2, 2019


 

ភ្នំពេញ៖ កីឡាករវ៉ូវីណាមកម្ពុជា ពេលនេះបានបង្កើនការហ្វឹកហាត់មួយថ្ងៃដល់ទៅ ៣ដង ដើម្បីត្រៀមខ្លួនប្រកួតជើងឯកពិភពលោក លើកទី៦ នាចុងឆ្នាំ២០១៩ នេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក កៅ មករា គ្រូបង្វឹកកីឡាករកីឡាការិនីវ៉ូវីណាមជម្រើសជាតិ ផ្នែកវិញ្ញាសាប្រយុទ្ធបាននិយាយថា សព្វថ្ងៃនេះ កីឡាករ-កីឡាការិនី វ៉ូវីណាមជម្រើសជាតិមួយចំនួនដែលនៅឆ្ងាយបានស្នាក់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដូច្នេះសហព័ន្ធសម្រេចចិត្តឲ្យពួកគេធ្វើការហ្វឹកហាត់រយៈពេល ៣ដងក្នុងមួយថ្ងៃ ដើម្បីពង្រីកពង្រឹងសមត្ថភាពឲ្យខ្លាំងត្រៀមចូលរួមជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ ក្នុងនាមម្ចាស់ផ្ទះការប្រកួត។

លោកបានបន្តថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ «6th Vivonam World Championships 2019» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានការគាំទ្រពីសហព័ន្ធកីឡាវ៉ូវីណាម ពិភពលោក។

ជាមួយនឹងរបបអាហារមួយថ្ងៃ៣ពេល នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពួកគេមានកម្លាំងគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ ព្រោះអាហារមានកាឡូរីគ្រប់គ្រាន់សម្រាប់ផ្ដល់កម្លាំងកីឡា។ ពេលនេះទោះបីកម្ពុជា នៅមិនទាន់កំណត់ពីចំនួនពិតប្រាកដនៃ កីឡាករ-កីឡាការិនី របស់ខ្លួនសម្រាប់ព្រឹត្តិការណ៍នេះក៏ពិតមែន តែកម្ពុជាបានត្រៀមកីឡាករ-កីឡាការិនី ជិត៤០រូបរួចហើយ។

កម្ពុជា គឺជាប្រទេសដែលមាន សក្ដានុពលខ្លាំងលើប្រភេទកីឡានេះ ហេតុក្នុងនាមជាម្ចាស់ផ្ទះកម្ពុជាមិនអាចគ្មានមេដាយបានឡើយ៕

 

រូបភាព៖ Cambodia Vovinam Team

អត្ថបទ៖ វ៉ាន្នី

មតិយោបល់