គ្រូបង្វឹក និងកីឡាហែលទឹកថ្នាល ៥នាក់ ទៅហាត់រយៈពេល ៣៦ថ្ងៃនៅជប៉ុន

មាស សុផាណារ៉ុង August 1, 2019


 

ភ្នំពេញ៖ ដោយមានកិច្ចព្រមព្រៀងរវាងសហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការគាំទ្រពីប្រទេសជប៉ុន សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកថ្នាលចំនួន ៥នាក់ ទៅធ្វើការហ្វឹកហាត់រយៈពេល៣៦ថ្ងៃ នៅខេត្ត Tokhusima ប្រទេសជប៉ុន នាខែសីហា ខាងមុខនេះ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់តាមសារអេឡិចត្រូនិចមកថា សហព័ន្ធនឹងបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក ចំនួន៥នាក់ ហ្វឹកហាត់រយៈពេល៣៦ថ្ងៃ នៅប្រទេសជប៉ុន ពោលគឺចាប់ពីថ្ងៃទី០៧ ខែសីហា រហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេសសម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍នានា ទាំងព្រឹត្តិការណ៍ជាតិ ជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះតែម្តង។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ហែលទឹកថ្នាលចំនួន ៥នាក់ រួមមាន លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក ខណៈកីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត, កីឡាករ ឆោម ច័ន្ទថន, កីឡាករ ឌឿន រ៉ាត់ធីឌុន។

សូមបញ្ជាក់ថា កីឡាករកីឡាការិនីទាំងប៉ុន្មាននាក់ខាងលើនេះការប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូនេស៊ី កន្លងមកថ្មីៗនេះគេបានបង្កើតពេលវេលាថ្មីដែលល្អប្រសើរជាងមុន៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី 

មតិយោបល់