កម្ពុជា បណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងចៅក្រមប៉េតង់ ២១នាក់ ដែលត្រៀមធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកចុងឆ្នាំនេះ

មាស សុផាណារ៉ុង July 31, 2019


 

ភ្នំពេញ៖ ក្នុងខណះដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប៉េតង់ជើងឯកពិភពលោក នាចុងឆ្នាំនេះ កម្ពុជាទើបតែបណ្ដុះបណ្ដាលបានចៅក្រម និងអាជ្ញាកណ្ដាល ចំនួន២១រូប។

មន្ត្រីទាំងនោះ ទទួលបានការបណ្ដុះបណ្ដាលដោយលោក ក្លូដ អាហ្ស៊ីម៉ា (Claude Azema) ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ តាំងពីលោកមកកម្ពុជា លើកទី២។ សម្រាប់ការមកលើកទី៣ នេះលោកមកបំពេញបន្ថែមនូវលក្ខខ័ណ្ឌនានាដើម្បីឲ្យពួកគេមានសមត្ថភាពបំពេញការងារជាចៅក្រម អាជ្ញាកណ្ដាល បាននៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រធានសហព័ន្ធប៉េតង់អាស៊ី ក៏បានធ្វើដំណើរមកកម្ពុជា ដើម្បីពិនិត្យមើលការបណ្ដុះបណ្ដាលនេះផងដែរ ជាមួយគ្នានេះប្រធានសហព័ន្ធប៉េតង់អាស៊ី ក៏ទទួលស្គាល់ពីសមត្ថភាពរបស់សិក្ខាកាមកម្ពុជាទាំង ២១រូប ដែលនឹងត្រូវបំពេញតួនាទីជាចៅក្រមអាជ្ញាកណ្ដាល ដែលនឹងបំពេញការងារនៅពេលប្រកួតជើងឯកពិភពលោកនាពេលខាងមុខនេះដែរ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាករប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ថា៖ «យើងពិតជារីករាយដែលប្រធានសហព័ន្ធកីឡាប៉េតង់ អន្តរជាតិ ជួយកម្ពុជាច្រើន ដើម្បីកម្ពុជាមានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនាចុងឆ្នាំនេះ។»

សូមបញ្ជាក់ថា ការប្រកួតប៉េតង់ជើងឯកពិភពលោក នឹងធ្វើនៅទីលានប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់