តេក្វាន់ដូ WT វ័យក្មេងចំនួន ៣រូប ដណ្តើមមេដាយប្រាក់ នៅកូរ៉េខាងត្បូង

មាស សុផាណារ៉ុង July 31, 2019


 

ភ្នំពេញ៖ ក្រុមកីឡាករតេក្វាន់ដូ WT (WorldTaekwondo) វ័យក្មេងចំនួន ៣រូប ដណ្តើមបានមេដាយប្រាក់ ១គ្រឿងពីព្រឹត្តិការណ៍ WT World Taekwondo Hanmadang និង WT Jeonju Open 2019 International Taekwondo Championships នៅសាធារណរដ្ឋកូរ៉េ។

ការប្រកួតនេះ បានចាប់ផ្ដើមពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។ លោក ជាតិ ខេមរា ជាគ្រូបង្វឹកបានឲ្យដឹងថា សម្រាប់មេដាយប្រាក់នៃព្រឹត្តិការណ៍លើកនេះ ពួកគេបានយកឈ្នះលើកីឡាករប្រទេសហ្វីលីពីន ២០ទល់១៧ ឈ្នះកីឡាករប្រទេសម៉ាឡេស៊ី ២០ទល់១៩ និងលើកចុងក្រោយ ចាញ់កីឡាករថៃ ២០ទល់២២ បានត្រឹមមេដាយប្រាក់ ៣គ្រឿង ហើយការប្រកួតនេះមាន ៨ក្រុមចូលរួមចែកចេញជា ២ពូល លើវិញ្ញាសា សម្ដែង។

លោកបានបន្តថា ចំពោះការប្រកួតកីឡាតេក្វាន់ដូ WT Jeonju Open 2019 International Taekwondo Championships វិញកីឡាករតេក្វាន់ដូ WT វ័យក្មេង ឈន គីមហាក់ ដណ្តើមមេដាយមាស លើវិញ្ញាសាឯកត្តជន និងកីឡាករតេក្វាន់ដូ WT វ័យក្មេង ២នាក់ទៀត គឺ កីឡាករ សុខ សញ្ចានា និងកីឡាករ សំណាង វ៉ាន់ណែត ឈ្នះមេដាយសំរិទ្ធ។

លោក គង់ សក្ខិដា ដែលជាអគ្គលេខាធិការខេមរសហព័ន្ធបាននិយាយថា កីឡាករវ័យក្មេងចំនួន ៣រូប និងគ្រូបង្វឹក ១រូបជនជាតិកូរ៉េ គឺលោក Cheon samyeong បានធ្វើការហ្វឹកហាត់ និងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេ ក្វាន់ដូ WT ខាងលើនេះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់