សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបញ្ជូនអត្តពលិកវ័យក្មេង ៤រូបបន្ថែមទៀតទៅហ្វឹកហាត់នៅចិន

មាស សុផាណារ៉ុង July 30, 2019


 

ភ្នំពេញ៖ ពេលនេះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា កំពុងតែពិនិត្យលើលក្ខណៈសម្បត្តិនៃ កីឡាករ-កីឡាការិនី វ័យក្មេង (ថ្នាល) របស់ខ្លួនដើម្បីបញ្ជូនទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិន។

លោក ណយ ផាណា អគ្គលេខាសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថាកីឡាករកាយសម្ព័ន្ធវ័យក្មេង ដែលលោកមានគម្រោងបញ្ជូនទៅហ្វឹកហាត់រយៈពេលយូរនៅប្រទេសចិន នោះគឺវិញ្ញាសា កាយសម្ព័ន្ធអាកទីស្ទីក (Artistic Gymnastic)។ សូមបញ្ជាក់ថាកីឡាកាយសម្ព័ន្ធមាន ២ប្រភេទគឺកាយសម្ព័ន្ធអាកទីស្ទីច និងកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic Gymnastic)។

លោកអគ្គលេខាធិការ បានចាត់ទុកថានេះជាការត្រៀមខ្លួនដ៏សំខាន់មួយសម្រាប់ឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២។ ពេលដែលសួរថាតើពួកគេនឹងចេញទៅប្រទេសចិន នៅពេលណា? លោកអគ្គលេខាធិការរូបនេះអះអាងថាពេលនេះលោកកំពុងតែធ្វើការងារនេះ ហើយភាគីចិនក៏បានទទួលយកនូវសំណើហ្វឹកហាត់នេះដែរ។ ចំពោះពេលវេលា នៃការទៅហ្វឹកហាត់នេះមិនយូរទៀតទេ។

សូមបញ្ជាក់ថាពេលនេះកីឡាកាយសម្ព័ន្ធកម្ពុជា ២រូប កំពុងតែហ្វឹកហាត់នៅប្រទេសចិន គឺកីឡាករ វ័យ ភក្ត្រា និងកីឡាករ អៀ សៀវមីង។ វ័យភក្ត្រា បានចាកចេញពីកម្ពុជាទៅហ្វឹកហាត់នៅប្រទេសចិនតាំងពីថ្ងៃទី០២ ខែមេសា មកម្ល៉េះ រីឯកីឡាករវ័យក្មេង អៀ សៀវមីង ទើបតែទៅបានប្រមាណជិត ៣ខែប៉ុណ្ណោះ។

សម្រាប់ការចេញទៅនេះ ពួកគេនឹងមិនវិលត្រឡប់មកកម្ពុជាវិញឡើយ ព្រោះត្រូវដល់ពេលប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដោយនឹងចេញដំណើរពីប្រទេសចិនឆ្ពោះទៅប្រទេសហ្វីលីពីន ដែលជាកន្លែងប្រកួតកីឡាស៊ីហ្គេមផ្ទាល់តែម្ដង៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់