ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នឹងកើតឡើងជាបន្តបន្ទាប់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្ពោធនៅដើមឆ្នាំ២០២១

មាស សុផាណារ៉ុង July 29, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ពហុកីឡដ្ឋានមរតកតេជោ បានបញ្ចប់ពិធីតម្លេីងថាសកៅអីបេតុងចុងក្រោយជានិមិត្តរូបនៃការលេចជារូបរាងកីឡដ្ឋានធំ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ ជាស្ថាពរផ្លូវការ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្រោយពិធីដដែលនេះផងដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា នៅពេលដែលកីឡដ្ឋានធំនៃពហុកឡដ្ឋានជាតិមរតកតេជោ នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាដើម ឆ្នាំ២០២១ហើយនោះ កីឡដ្ឋាននេះនឹងត្រូវមានព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិធំៗជាបន្តបន្ទាប់។

ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើមឆ្នាំ២០២១ រួចហើយនោះ គឺមានដូចជាដូចតទៅ៖

  • ១. ពិធីបើក-បិទ និង ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២២
  • ២. ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតតេស្តិ៍ ( Pre-SEA Games 2023 )
  • ៣. រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣២ ឆ្នាំ២០២៣
  • ៤. រៀបចំការប្រកួត ( ASEAN Para Games ) លើកទី១២ ឆ្នាំ២០២៣ ក្រោយ SEA Games ពីរសប្តាហ៍
  • ៥. ត្រៀម FIFA World Cup 2034 ដែល ASEAN ដាក់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ
  • ៦. ជាកន្លែងដែលអាចរៀបចំព្រឹត្តិការណ៍ពិព័រណ៍ ពាណិជ្ជកម្ម និងពិព័រណ៍ទេសចរណ៍

គួររំឭកថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះបានអនុម័តឲ្យសាងសង់តាំងពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦ ដែលចែកចេញជា ៣ដំណាក់កាល ហើយការកសាងដំណាក់កាលទី២ នេះគឺបន្ទាប់ពីដំណាក់កាលទី១ ដែលមានទីលានហែលទឹក និងទីលានកីឡាក្នុងសាល ព្រមទាំងអាគារស្នាក់នៅរបស់កីឡាករ កីឡាការិនី បានកសាងរួច និងបានបញ្ចប់កាលពីឆ្នាំ ២០១៧។

ពហុកីឡដ្ឋានជាតិមរតកតេជោដំណាក់កាលទី២ នេះនឹងប្រើពេលតាមកាលកំណត់។ ការសាងសង់បន្តដំណាក់កាលទី៣ ដែលផ្តោតទៅលើទីលានកីឡាផ្សេងៗទៀតដែលនៅសេសសល់ដោយគ្រោងបញ្ចប់នៅចុងឆ្នាំគឺថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០ ដើមឆ្នាំ២០២១ ដែលសរុបតាមផែនការចំនួន ៤០ខែ៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ ណារ៉ុង

មតិយោបល់