ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ បើកវគ្គបំប៉នដល់ អាជ្ញាកណ្ដាល-ចៅក្រមរបស់កម្ពុជា តាមការសន្យា

មាស សុផាណារ៉ុង July 27, 2019


 

ភ្នំពេញ៖ ដូចការសន្យាលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ បានបើកវគ្គបំប៉នដល់ អាជ្ញាកណ្ដាល-ចៅក្រមរបស់កម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

នេះជាការបើកវគ្គដើម្បីត្រួតពិនិត្យឡើងវិញនូវអាជ្ញាកណ្ដាល ចៅក្រមចំនួន ៣៤រូប ដែលលោកបានបណ្ដុះបណ្ដាលកាលពីលោកមកកម្ពុជា លើកទី២។ សិក្ខាកាមទាំង ៣៤រូប បានឆ្លងវគ្គកម្រិតខ្ពស់រួចហើយ ហើយនេះជាការពិនិត្យមើលឡើងវិញពីសមត្ថភាពរបស់ពួកគេ។

នៅថ្ងៃទី២៧ លោក Claude Azema ក៏នឹងត្រួតពិនិត្យ មើលសមត្ថភាពគ្រូបង្វឹក ដោយសហការីរបស់លោកគឺ លោក Victor Nataf ដែលបានបណ្ដុះបណ្ដាលកាលពីលោកមកកម្ពុជាលើកទី២ កាលពីប៉ុន្មានខែមុនបន្ថែមទៀត។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ការបើកវគ្គបំប៉នសមត្ថភាពបន្ថែមដល់អាជ្ញាកណ្ដាល និងចៅក្រមកីឡាប៉េតង់កម្រិតខ្ពស់នេះ គឺដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោក នាខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។ លោកបន្តថាចំពោះសិក្ខាកាមទាំង ៣៤នាក់ នេះនឹងត្រូវបានលោក ClaudeAzema ជ្រើសរើសយកតែ ៨នាក់ ដើម្បីបំពេញការងារជាអាជ្ញាកណ្ដាល និងចៅក្រមអន្តរជាតិ សម្រាប់ការប្រកួតឆ្នាំនេះ។

នៅថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ ប្រធានសហព័ន្ធកីឡាប៉េតង់អាស៊ី នឹងមកដល់កម្ពុជា ហើយនឹងធ្វើការជ្រើសរើសយកចៅក្រម អាជ្ញាកណ្ដាល កម្ពុជាចំនួន៦រូប ដើម្បីបណ្ដុះបណ្ដាលឲ្យទៅជាអាជ្ញាកណ្ដាល ចៅក្រមវិញ្ញាសាវាយយកពិន្ទុ ( Shooting )។ ក្រោយពីការបណ្ដុះបណ្ដាល និងប្រឡងជាប់នោះ ពួកគរនឹងអាចក្លាយទៅជាចៅក្រម អាជ្ញាកណ្ដាលកម្រិតអាស៊ី ហើយនឹងមានឱកាសចេញទៅដឹកនាំការប្រកួតកម្រិតអាស៊ីថែមទៀតផង៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់