ប្រធានសហព័ន្ធប៉េតង់អន្តរជាតិ បង្ហើបមូលហេតុដែលកម្ពុជា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក

មាស សុផាណារ៉ុង July 26, 2019


 

ភ្នំពេញ៖ លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា បានបង្ហើបមូលហេតុដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះប្រកួតប៉េតង់ជើងឯកពិភពលោក គឺដោយសារតែកម្ពុជា មានគុណសម្បត្តិច្រើន។

លោកក៏បានចាត់ទុកថានេះជាឱកាសមាសសម្រាប់កម្ពុជា ក្នុងផ្សព្វផ្សាយពីតំបន់វប្បធម៌នានារបស់ខ្លួនដល់ពិភពលោក ពិសេសពីប្រាសាទបុរាណនានាដល់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់ពីកម្ពុជា។ អ្នកដែលស្គាល់កម្ពុជា ស្រពិចស្រពិលគេនឹងស្គាល់កម្ពុជាកាន់តែច្បាស់ហើយគេនឹងដឹងថាកម្ពុជាកំពុងតែរីកចម្រើនគ្រប់វិស័យ។ ការប្រកួតប៉េតង់ជើងឯកពិភពលោក នឹងធ្វើនៅទីលានប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិ ដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រមុខប៉េតង់រូបនេះ ក៏ត្រូវការពិនិត្យមើលពីការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ហើយនេះជាការបង្កើតប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយរបស់កម្ពុជា ក្នុងការបើកទ្វារផ្ទះដើម្បីទទួលកីឡាករ-កីឡាការិនី ប៉េតង់មកពីគ្រប់ច្រកល្ហកនៃពិភពលោក។

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំជួសជួលកែលម្អទីលានប្រកួត រៀបចំអាជ្ញាកណ្តាល និងចៅក្រមរបស់ខ្លួន និងបានត្រៀមកីឡាករ-កីឡាការិនីថ្នាល និងកីឡាការិនីជម្រើសជាតិចំនួន ១៦នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនី ថ្នាល៨នាក់ ដែលមានគុណភាពសម្រាប់ជើងឯកពិភពលោកយុនវជន និងនារី ឆ្នាំ២០១៩ នេះ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់