ប្រធានសហព័ន្ធប៉េតង់ពិភពលោក ប្តេជ្ញាជួយកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះនៃជើងឯកពិភពលោក

មាស សុផាណារ៉ុង July 25, 2019


 

ភ្នំពេញ៖ លោក Claude Azema ប្រធានសហព័ន្ធប៉េតង់ពិភពលោក ដែលកំពុងតែមានវត្តមាននៅកម្ពុជា នោះបានប្រកាសថានឹងជួយកម្ពុជាឲ្យអស់ពីចិត្តពីថ្លើមក្នុងខណៈដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាប៉េតង់ជើងឯកពិភពលោកនាចុងឆ្នាំនេះ។

លោកថ្លែងបែបនេះនារសៀលថ្ងៃទី២៤ ខែកក្កដា ក្នុងឱកាសជួបសំណេះសំណាលជាមួយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្ដីការក្រសួង។ ថ្លែងប្រាប់អ្នកសារពត៌មានក្រោយជំនួបឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា លោក Claude Azema បានប្តេជ្ញាជួយប្រទេសកម្ពុជាឲ្យអស់ពីចិត្តដោយលោកនឹងបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងវគ្គបណ្តុះបណ្តាលអជ្ញាកណ្តាល និងចៅក្រមរបស់កម្ពុជាយើង ដើម្បីត្រៀមសមត្ថភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួតជើងឯកពិភពលោក ឆ្នាំ២០១៩។

លោកបន្តថា យើងមានសំណាងខ្លាំងណាស់ ជាពិសេសសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា ដែលលោក Claude Azema ប្រធានសហពន្ធ័កីឡាបេតង់អន្តរជាតិ (FIPJP) ជួយបណ្ដុះបណ្ដាល ដល់អជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកដូច្នេះ។ ប្រសិនបើសហព័ន្ធកីឡាជាតិផ្សេងៗទៀតមានថ្នាក់ដឹកនាំកីឡាកម្រិតពិភពលោកដូចប៉េតង់មកជួយបែបនេះ អ្វីៗនឹងរីកចម្រើនខ្លាំងមិនខានឡើយ។

សូមបញ្ជាក់ថា ក្នុងឱកាសស្នាក់នៅកម្ពុជារយៈពេល ៧ថ្ងៃនេះក្រៅពីជួបសំណេះសំណាលជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នោះលោកនឹងជួបជាមួយប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

លោក Claude Azema នឹងត្រួតពិនិត្យមើលឡើងវិញពីសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម គ្រូបង្វឹកដែលលោក និងសហការីរបស់លោកគឺ លោក Victor Nataf ដែលជានាយកបច្ចេកទេសសហព័ន្ធកីឡាប៊ូល និងប៉េតង់អន្តរជាតិ បានបណ្ដុះបណ្ដាលកាលពីលោកមកទស្សនកិច្ចកាលពី ២លើកមុន។ លោកបញ្ជាក់ថា លោកចង់ប្រើប្រាស់ធនធានមនុស្សរបស់កម្ពុជាឲ្យបានច្រើនបំផុតព្រោះកម្ពុជា ក៏មានអ្នកមានសមត្ថភាពច្រើនដែរ។ ប្រមុខប៉េតង់អន្តរជាតិ ក៏នឹងពិនិត្យមើលពីហេដ្ឋារចនាសម្ព័ន្ធពិសេសទីលានប្រកួតដើម្បីធ្វើត្រូវតាមស្ដង់ដារអន្តរជាតិទៀតផង៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់