ប្រមុខប៉េតង់ពិភពលោក មកកម្ពុជា ជាលើកទី៣ ដើម្បីពិនិត្យលក្ខណៈសម្បត្តិត្រៀមធ្វើម្ចាស់ផ្ទះប៉េតង់ពិភពលោក

មាស សុផាណារ៉ុង July 23, 2019


 

ភ្នំពេញ៖ វេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះប្រមុខប៉េតង់អន្តរជាតិគឺ លោក Claude Azema បានមកដល់ចំណតអាកាសយានដ្ឋានអន្តរជាតិដើម្បីមកត្រួតពិនិត្យជាលើកចុងក្រោយពីលក្ខណៈសម្បត្តិរបស់កម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាប៉េតង់ពិភពលោកនាចុងឆ្នាំនេះ។

លោក Claude Azema មកកម្ពុជា កាលពីលើកទី២

លោក Claude Azema បានផ្ដោតអារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ក្នុងខណៈដែលកីឡាការិនី កែ ឡេង ប្រជែងបានមេដាយមាសពិភពលោក ៣ជំនាន់ជាប់ៗគ្នានោះ។ ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់កីឡាការិនី កែ ឡេង ប្រមុខប៉េតង់ពិភពលោករូបនេះបានសម្រេចចិត្តប្រគល់សិទ្ធដល់ប្រទេសកម្ពុជា រៀបចំការប្រកួតជើងឯកពិភពលោក នាចុងឆ្នាំ២០១៩ នេះ។

ជាមួយនឹងការប្រគល់សិទ្ធបែបនេះលោក Claude Azema បានជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជា បានចំនួន ២វគ្គដែលក្នុងនោះបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេស បណ្ដុះបណ្ដាលគ្រូបង្វឹកតាមសាលារៀន។ កន្លងមក លោក Claude Azema ខ្លួនឯងបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់អាជ្ញាកណ្ដាល និងចៅក្រម ជាមួយនឹងសហការីរបស់លោកមួយរូបទៀតគឺលោក Victor Nataf ដែលជានាយកបច្ចេកទេសសហព័ន្ធកីឡាប៉េតង់ពិភពលោក ជួយបណ្ដុះបណ្ដាលគ្រូបង្វឹកព្រោះពេលនេះកម្ពុជាបានដាក់ប្រភេទកីឡាប៉េតង់នេះឲ្យមានការប្រកួតក្នុងក្របខ័ណ្ឌសាលារៀន ដូចច្នេះកម្ពុជា ត្រូវតែមានគ្រូសម្រាប់ចុះទៅបណ្ដុះបណ្ដាលតាមសាលារៀន។

ការមកកម្ពុជាលើកនេះ លោកនឹងត្រួតពិនិត្យមើលជាចុងក្រោយអំពីហេដ្ឋារចនាសម្ព័ន្ធនានាពិសេសទីលានសម្រាប់ប្រកួត ការត្រួតពិនិត្យឡើងវិញពីសមត្ថភាពមន្ត្រីបច្ចេកទេសដែលលោកបានបណ្ដុះបណ្ដាលកន្លងមក។ ជាមួយគ្នានេះ លោកនឹងជួបជាមួយ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

លោក Claude Azema ក៏នឹងជួបសំដែងការគួរសមជាមួយឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ទៀតផង។ ប្រមុខប៉េតង់ពិភពលោក នឹងបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៧ថ្ងៃ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់