កីឡាសិស្សអាស៊ាននៅឥណ្ឌូនេស៊ី៖ កម្ពុជា ចប់ដោយគ្មានមេដាយ

មាស សុផាណារ៉ុង July 23, 2019


 

ភ្នំពេញ៖ ការប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ «11th ASEAN School Games 2019» លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី សម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី២២ ខែកក្កដា គឺបានបញ្ចប់ការប្រកួតហើយ។ នេះបើតាមសេចក្ដីរាយការណ៍របស់លោក មាស សារ៉េត ដែលជាមន្ត្រីពត៌មានរបស់ នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតកម្ពុជា ដែលប្រចាំការផ្ទាល់នៅកន្លែងប្រកួត។

លោកបានឲ្យដឹងថាក្នុងការប្រកួតចុងក្រោយថ្ងៃទី២២ ខែកក្កដា ប្រភេទកីឡាវាយសីវិញ្ញាសាវាយគូចម្រុះបុរស-នារី កីឡាករ ស្រេង វីរៈ និងកីឡាការិនី ហែម លក្ខិណា ប្រកួតចាញ់ សឹង្ហបុរី ០ទល់២ សិត។

កីឡាករ ងួន រតនៈវិស្សុត និងកីឡាការិនី សុខ សុម៉ាលីតា ក៏ប្រកួតចាញ់ក្រុមសឹង្ហបុរី ០ទល់២សិត ផងដែរ។ វិញ្ញាសាវាយគូបុរសកីឡាករ ហេង ម៉េងលាភ និងកីឡាករ យ៉ាំ សំណាង ប្រកួតចាញ់ប្រកួតចាញ់ឡាវ ០ទល់២ សិត។ កីឡាករ សុខ រីករាយ និងកីឡាករ ភា សុថៃ ប្រកួតចាញ់ឥណ្ឌូនេស៊ី ០ទល់២ សិត។

ប្រភេទកីឡាហែលទឹក វិញ្ញាសាហែលបណ្ដាក់ ៤របៀប ១០០ម៉ែត្រ ៤ដងបុរសផ្ដាច់ព្រ័ត្រ ដែលមានកីឡាករ មន ត្រស់, ផាន សុវណ្ណអារុណ, អ៊ួង លីហេង, ឆោម ច័ន្ទថន និងកីឡាករ ឌឿន រ៉ាត់ធីឌុន ប្រកួតបានចំណាត់ថ្នាក់លេខ៦។ វិញ្ញាសាហែលបណ្ដាក់ ៤របៀប ១០០ម៉ែត្រ ៤ដងនារីផ្ដាច់ព្រ័ត្រ ដែលកម្ពុជាមានកីឡាការិនី ឆោម ស្រីវរល័ក្ខណ៍, កាំង មុយនីន, វ័ច ហ្សង់ឆាយ និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ហែលដណ្ដើមបានចំណាត់ថ្នាក់លេខ៦ ដូចគ្នាផងដែរ។

សូមបញ្ជាក់ថាកម្ពុជា បញ្ជូនកីឡាចំនួន ៥ប្រភេទ ទៅចូលរួមប្រកួតដែលក្នុងនោះមាន វាយកូនឃ្លីលើតុ, វាយកូនបាល់, វាយសី, ហែលទឹក និងអត្តពលកម្ម។

នេះជាលើកទី៤ ហើយដែលកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លើកដំបូងនៅឈៀងម៉ៃ ប្រទេសថៃ កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងលើប្រភេទកីឡាវាយកូនឃ្លីលើតុ ហើយ៣ លើកចុងក្រោយនេះកម្ពុជាពុំដែលរកបានមេដាយទៀតឡើយ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់