ឯកឧត្តម ស សុខា ក្លាយជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ីអាគ្នេយ៍ ជាផ្លូវការ

មាស សុផាណារ៉ុង July 19, 2019


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ជាមួយសហការីអញ្ជើញចូលរួមប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី៧៣ នៅសណ្ឋាគារប៉ូ ( PO Hotel ) ខេត្តស៊ីមម៉ារ៉ាង ប្រទេសឥណ្ឌូនេស៊ី ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ជាមួយនឹងការចូលរួមប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសិស្សអាស៊ានលើកទី៧៣ និងគណៈកម្មការក្រុមប្រឹក្សាគ្រប់គ្រងកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី៥៦ ឯកឧត្តម ស សុខា ក៏ត្រូវបានតែងតែងជាប្រធានក្រុមប្រឹក្សាកីឡាសិស្សអាស៊ីអាគ្នេយ៍ អាណត្តិ ឆ្នាំ២០២០-២០២១ ផងដែរ។

ជាមួយនឹងការទទួលយកតំណែងជាប្រធានក្រុនប្រឹក្សាកីឡាសិស្សសម្រាប់តំបន់អាស៊ាន នេះដែរ ឯកឧត្តម ស សុខា ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាសិស្សអាស៊ីអាគ្នយ៍ លើកទី១១ ដែលកំពុងតែប្រកួតនៅទីនោះផងដែរ។ ក្នុងព្រឹត្តិការណ៍នេះកម្ពុជាក៏បានបញ្ជូនកីឡាចំនួន៥ប្រភេទ គឺអត្តពលកម្ម, ហែលទឹក, វាយកូនបាល់, វាយកូនឃ្លីលើតុ និងវាយសី ទៅចូលរួមប្រកួត។

លោក ព្រំ ប៊ុណ្ណយី នាយបេសកកម្មរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍នេះបានរាយការណ៍ពីប្រទេសឥណ្ឌូនេស៊ី មកថាការប្រកួតបានចាប់ផ្ដើមហើយតែមិនទាន់ដល់វេនកម្ពុជាដែលត្រូវប្រកួតនៅឡើយទេ៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់