កម្ពុជា បញ្ជូនកីឡាតេក្វាន់-ដូ ITF ១៧នាក់ចូលរួមការប្រកួតជើងឯកពិភពលោក នៅប៊ុលហ្គារី

មាស សុផាណារ៉ុង July 19, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា ( International Taekwondo Federation ) បានកំណត់រួចជាស្រេច ហើយក្នុងការបញ្ជូនកីឡាករ-កីឡាការិនី ចំនួន១៧រូប ទៅចូលរួមប្រកួតជើងឯកពិភពលោក បូករួមជាមួយមន្ត្រីដឹកនាំ និងគ្រូបង្វឹកទៀតផង។

បើតាមការឲ្យដឹងពី លោក កៅ មករា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា នោះថា ការប្រកួតខាងលើនេះប្រព្រឹត្តទៅពី ថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ហើយកកីឡាករ-កីឡាការិនីរបស់កម្ពុជា ភាគច្រើនជាកីឡាថ្នាលវ័យក្មេង។

លោកអគ្គលេខាធិការរងបន្តថាការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកកម្រិតពិភពលោកសម្រាប់ កីឡាករ-កីឡាការិនីថ្នាលគឺជាការប្រកួតលើកទី១៤ ចំណែកកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិ គឺជាការប្រកួតលើកទី២១។ សម្រាប់កម្ពុជាការចេញទៅប្រកួតលើកនេះគឺបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិទៅចូលរួម ចំនួន៩នាក់ និងកីឡាករ-កីឡាការិនីថ្នាល ចំនួន៨រូប។ ព្រឹត្តិការណ៍នេះ កម្ពុជា ក៏ធ្លាប់ដណ្ដើមបានមេដាយដែរតែជាការប្រកួតសម្រាប់កម្រិតជម្រើសជាតិ។

សូមបញ្ជាក់ថា កីឡាតេក្វាន់ដូ ITF ជាប្រភេទកីឡាប្រយុទ្ធមានដើមកំណើតនៅប្រទេសកូរ៉េខាងជើង ហើយមិនមែនជាប្រភេទកីឡាអូឡាំពិកនៅឡើយទេ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់