សម្តេចហ៊ុន សែន​​​ គ្រេចស្មាព្រោះហ្វឹកហាត់ត្រៀមចុះឈ្មោះប្រកួតប្រណាំងកង់វ័យចំណាស់

នូ មករា July 16, 2019


ភ្នំពេញ​៖ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ​ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​​ បានលើកឡើងពីមូលហេតុគ្រេចស្មាដែលបណ្តាលឱ្យសម្តេចត្រូវខកខានក្នុងសកម្មភាពកីឡាជាច្រើនថ្ងៃដោយគ្រូពេទ្យបានតម្រូវឱ្យធ្វើការសម្រាកជាបណ្តោះអាសន្នដើម្បីទទួលបានភាពធូរស្បើយឡើងវិញ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការរងរបួសនេះគឺដោយសារតែកង់បានដួលក្នុងអំឡុងពេលដែលសម្តេចកំពុងហ្វឹកហាត់ជិះកង់ដើម្បីត្រៀមចុះឈ្មោះជាកីឡាករវ័យចាស់នោះ។

សម្តេចបានថ្លែងថា៖ «មានបងប្អូនយើងមួយចំនួនមានការងឿងឆ្ងល់ថា(ហេតុអ្វីបានខ្ញុំគ្រេចស្មា)?ចម្លើយខ្លីរបស់ខ្ញុំមកពីខ្ញុំ(រពឹស)។មកពីហ្សឺណែវប្រទេសស្វីសនៅព្រឹកថ្ងៃសៅរ៍ត្រៀមទៅវាយកូនគោលនៅព្រឹកថ្ងៃអាទិត្យ។ក្រោកពីសម្រាកថ្ងៃរសៀលនឹកឃើញចង់រៀនជិះកង់ប្រណាំង ក៏រៀបចំខ្លួនជិះកង់តាមក្បួនខ្នាតមានទាំងមួកសុវត្តិភាពផង។ជិះកង់បានប្រហែល៥០នាទីដល់ពេលត្រូវឈប់ព្រោះបែកញើសខ្លាំងហើយ ពេលកង់ស្ទើរតែអស់ល្បឿនបែជាកង់ដួលទៅលើស្មៅធ្វើឱ្យខ្ញុំគ្រេចស្មាខាងស្តាំ។សុំបញ្ជាក់ថាកង់ដែលខ្ញុំជិះនេះជាប្រភេទកង់ប្រណាំងដែលទើបទិញមកសម្រាប់ការហាត់របស់ខ្ញុំដើម្បីឈានទៅចុះឈ្មោះជាកីឡាករប្រណាំងកង់សម្រាប់មនុស្សចាស់…»។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «…តែខ្ញុំផ្តាំថាអាយុលើសពី៥០ឆ្នាំគួរកុំជិះកង់ប្រភេទនេះនាំគ្រោះថ្នាក់ឬឈឺខ្លួនដូចខ្ញុំនេះស្រាប់។ក្មេងរពឹសមិនងាយរាងចាលទេតែចាស់រពឹសឆាប់រាងចាលណាស់។មានឡានមានម៉ូតូជិះតែមកគ្រោះថ្នាក់ដោយសារកង់មកពី(រពឹស)៕» គួរំលឹកដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​​​ គឺជាមេដឹកនាំកម្ពុជាមួយរូបដែលមានចំណូលចិត្តលើវិស័យកីឡាពិសេសគឺកីឡាវាយកូនហ្គោល គុនខ្មែរ អុកចត្រង្គ ក៏ដូចជាបាល់ទាត់ ក្រៅពីនេះសម្តេចក៏តែងតែចំណាយពេលហាត់ប្រាណជាមួយឧបករណ៍ផ្សេងៗផងដែរក្នុងគោលដៅថែរក្សាសុខភាពផ្ទាល់ខ្លួននោះ៕


អត្ថបទ៖ មករា
រូបភាព៖​​ ទំព័រហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មតិយោបល់