ហែលទឹកកម្ពុជា ទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅប្រទេសកូរ៉េខាងត្បូង

មាស សុផាណារ៉ុង July 16, 2019


 

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនកីឡាករ ២រូប និងកីឡាការិនីមួយរូប ព្រមទាំងគ្រូបង្វឹកមួយរូប ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកជើងឯកពិភពលោក ដែលមានឈ្មោះថា «World Swimming Championships Gwangju» សាធារណរដ្ឋកូរ៉េ។

លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកបាននិយាយថា សហព័ន្ធបញ្ជូនកីឡាករ-កីឡាការិនី ចំនួន៣រូប និងគ្រូបង្វឹកមួយរូប ការប្រកួតកីឡាហែលទឹកនេះរួមមានកីឡាករ ហែម ប៉ិច, កីឡាករ លឹម កែវឧត្តម និងកីឡាការិនី ហែម ថុនវិទីនី។

នេះជាលើកដំបូងហើយដែលលកីឡាការិនី ហែមថុន វិទិនី ចេញទៅប្រកួតនៅក្រៅប្រទេសជាថ្មីបន្ទាប់ពីកីឡាការិនីរូបនេះសម្រាកមួយរយៈដើម្បីព្យាបាលជម្ងឺរលាកច្រមុះ។ ពេលនេះកីឡាការិនី រូបនេះបានវិលមកកាន់អាងទឹកវិញ ព្រមទាំងបង្កើនការហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀតព្រោះ វិទិនី មិនត្រឹមតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៌ «World Swimming Championships Gwangju» នេះតែប៉ុណ្ណោះទេ តែកីឡាការិនីរូបនេះនឹងចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះទៀតផង។

កីឡាការិនីដែលកើតឆ្នាំ១៩៩៣ រូបនេះចាប់ផ្ដើមស្គាល់អាងហែលទឹកតាំងពីវ័យ៥ឆ្នាំមកម្ល៉េះហើយនាងបានក្លាយជាកីឡាការិនីជម្រើសជាតិយ៉ាងឆាប់រហ័ស ដោយសារតែនាងមានឈាមជ័រក្នុងត្រកូលកីឡាហែលទឹកនោះគឺ ព្រឹទ្ធាចារ្យ ហែម ថុន តែម្ដង។

ឆ្នាំនេះ វិទិនី មានអាយុ២៦ឆ្នាំ ហើយតែនៅមិនទាន់មាននរណាអាចឈរលើឈ្នាន់ចំណាត់ថ្នាក់លេខ១ ដណ្ដើមមេដាយបានច្រើនជាងនាងឡើយ។ ជាមួយនឹងការវិលត្រឡប់មកកាន់អាងហែលទឹកវិញនេះ វិទិនី មានជំនឿចិត្តថានាងនឹងនៅតែទទួលបានការគាំទ្រ ដូចមុនជាមិនខានឡើយ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់