គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍៖ «ការចាយលុយសម្រាប់ស៊ីហ្គេម២០២៣ ត្រូវតែសុចរឹត»

មាស សុផាណារ៉ុង July 16, 2019


 

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC ) បានបើកការប្រជុំប្រចាំត្រីមាសទី៣ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធានផ្ទាល់ ដោយមានការចូលរួមពីបណ្ដាសមាជិកប្រតិបត្តិ និងបណ្ដាស្ថាប័នដែលពាក់ព័ន្ធ។

អង្គប្រជុំ បានសង្កត់ធ្ងន់ទៅលើផ្នែកហិរញវត្ថុដោយធ្វើយ៉ាងណាឲ្យមានតម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព បំផុតក្នុងការប្រើប្រាស់កញ្ចប់ថវិការបស់ជាតិដើម្បីជំរុញដល់ការរៀបចំការអភិវឌ្ឍកីឡាឲ្យមានប្រសិទ្ធភាព ឈានទៅទទួលបានជោគជ័យក្នុងកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។

ថ្លែងប្រាប់បណ្ដាញពត៌មានក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថានេះគឺជាកិច្ចប្រជុំរៀងរាល់៣ខែម្តង ដើម្បីពន្លឿនកិច្ចការនានា របស់ខ្លួន។ ជាមួយគ្នានោះសម្តេចពិជ័យសេនា បានផ្តល់អនុសាសន៍ជាច្រើន និងតម្រង់ទិសឲ្យលេខាធិការដ្ឋានបើកដំណើរការចាប់ពីពេលនេះតទៅ ដែលការិយាល័យ លេខាធិការដ្ឋាន CAMSOC ស្ថិតនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបម្រើដល់កិច្ចការរដ្ឋបាល ច្រកចេញចូលតែមួយ។

បន្ថែមពីលើនោះសម្តេចប្រធាន CAMSOC បានឲ្យដំណើការផែនការអភិវឌ្ឍកីឡាជំនាញនានាឲ្យបានលឿនចាប់ពីពេលនេះតទៅ ដើម្បីបង្ហាញនូវយន្តការ ដំណើការ ប្រសិទ្ធភាពការងាររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC)។

ឯកឧត្តម វ៉ាត់ ចំរើន អះអាងទៀតថា ក្រៅពីនេះ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់លើការងារអភិវឌ្ឍន៍កីឡាជំនាញ ជាមួយសហព័ន្ធកីឡាជាតិនានា និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិទៅហ្វឹកហាត់កម្រិតខ្ពស់រយៈពេលវែងនៅក្រៅប្រទេសជាមួយនឹងការយកចិត្តទុកដាក់រួមគ្នា ពិនិត្យមើលអំពីឆន្ទៈពិតប្រាកដរបស់អត្តពលិក ដែលជាគោលដៅគឺប្រទេសចិន កូរ៉េ ជប៉ុន និងនៅតំបន់អឺរ៉ុប ឬបណ្តាប្រទេសជាមិត្តមួយចំនួនទៀត។

បន្ទាប់ពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ ធនធានទាំងអស់របស់ CAMSOC នឹងត្រូវបន្តយកទៅ បម្រើដល់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជានោះដែរ ដែលតាមធម្មតា អាស៊ានប៉ារ៉ាហ្គេម តែងតែប្រារព្ធធ្វើក្រោយស៊ីហ្គេម ចន្លោះពី២សប្តាហ៍ ទៅ១ខែ៕

 

រូបភាព៖ PP SEA GAMES 2023

អត្ថបទ៖ វ៉ាន្នី

មតិយោបល់