ប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ជួបសំណេះសំណាលអត្តពលិកមុនចេញទៅចូលរួមកីឡាសិស្សអាស៊ាន នៅឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង July 13, 2019


 

ភ្នំពេញ៖ រសៀលថ្ងៃទី១២ ខែកក្កដា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា បានជួបសំណេះសំណាល និងជូនពរដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលត្រូវទៅចូលរួមប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ «11th ASEAN School Games 2019» លើកទី១១ ឆ្នាំ២០១៩ នៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ស សុខា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដល់ប្រតិភូចំនួន ៥៦នាក់ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លារអាមេរិក បន្ថែមលើប្រាក់ហោប៉ៅរបស់ក្រសួងអប់រំ យុវជន និង កីឡា។

កម្ពុជា បញ្ជូន ៥ប្រភេទកីឡាទៅចូលរួមប្រកួតដែលមានដូចជា៖

  • កីឡាវាយកូនឃ្លីលើតុ ( សរុបចំនួន ៦រូប គឺគ្រូបង្វឹក ១រូប និងកីឡាករ៥រូប : លើវិញ្ញាបុរសម្នាក់ទល់ម្នាក់ បុរស២នាក់ទល់២នាក់ និងវិញ្ញាសាក្រុមបុរស )
  • កីឡាអត្តពលកម្ម ( សរុបចំនួន ១០រូប គឺគ្រូបង្វឹក ២រូប កីឡាករ ២រូប និងកីឡាការិនី ៥រូប : លើវិញ្ញាសា រត់២០០ម៉ែត្របុរស-នារី, ៤០០ ម៉ែត្របុរស, ៨០០ម៉ែត្រនារី, ១៥០០ម៉ែត្រនារី, ៤x៤០០ម៉ែត្រនារី, ៣០០០ ម៉ែត្របុរស-នារី, ចោលញញួ និងចោលដុំដែកនារី )
  • កីឡាហែលទឹក ( សរុបចំនួន ១០រូប មានគ្រូបង្វឹក ២រូប កីឡាករ ៤រូប និងកីឡាការិនី ៤រូប : លើវិញ្ញាសា ហែលរបៀបសេរី បុរស-នារី៥០ម៉ែត្រ និង១០០ម៉ែត្រ, ហែលរបៀបមេអំបៅ ៥០ម៉ែត្រ និង១០០ម៉ែត្រ បុរស-នារី, ហែលផ្ងារ ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរស-នារី និងហែលរបៀបកង្កែប ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ បុរស-នារី )
  • ប្រភេទកីឡាវាយសី ( សុរបចំនួន ១១រូប ប្រធានដឹកនាំក្រុម ១រូប គ្រូបង្វឹក ១រូប កីឡាករ ៦រូប កីឡាការិនី ៣រូប : លេងវិញ្ញាសាវាយគូ បុរស-នារី វាយទោលបុរស-នារី និងក្រុមបុរស )
  • កីឡាវាយកូនបាល់ ( សុរបចំនួន ៦រូបគឺ គ្រូបង្វឹក ២រូប កីឡាករ ៤រូប និងកីឡាការិនី ២រូប : លេងលើវិញ្ញាវាយទោល បុរស-នារី វាយគូរបុរស-នារី និងវាយក្រុមបុរស )

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី១១ «11th ASEAN School Games 2019» នឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី។

ព្រឹត្តិការណ៍ដដែលនេះមានប្រទេសចំនួន ១០ចូលរួម រួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា, ព្រុយណេ, ឡាវ, ហ្វីលីពីន និងសិង្ហបុរី ខណៈទីម័រខាងកើត ពុំមានវត្តមានឡើយ។ មានកីឡាចំនួន ៩ប្រភេទដាក់ឲ្យប្រកួតប្រជែង ដូចជាអត្តពលិកម្ម, វាយសី, បាល់បោះ, សីដក់, ហែលទឹក, វាយកូនបាល់, វាយកូនឃ្លីលើតុ, បាល់ទះ និងកីឡាក្បាច់គុណប្រពៃណីរបស់ឥណ្ឌូនេស៊ី ( Pencak Silat )៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់