ខេមរសហព័ន្ធយូដូ បង្ហាញពីគម្រោងការងារដែលនឹងត្រូវធ្វើឲ្យបាននៅឆ្នាំនេះ

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ ខេមរសហព័ន្ធយូដូ បានបង្ហាញពីគម្រោងការងារជាច្រើនដែលនឹងត្រូវសម្រេចក្នុងឆ្នាំ២០១៩នេះ ឲ្យខាងតែបាន នេះបើតាមការអះអាងពីលោក ណាំង រ៉ាវុធ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធ។

ទោះបីបញ្ជីកំណត់ប្រភេទកីឡសម្រាប់ទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះមិនទាន់បញ្ចេញក៏ពិតមែនតែសហព័ន្ធមួយនេះមានជំនឿចិត្តថា យូដូនឹងមានឈ្មោះទៅចូលរួមជាមិនខាន ព្រោះយូដូជាប្រភេទកីឡាដែលមានសក្ដានុពលមួយផងដែរ។

លោកអគ្គលេខាធិការបន្តថា សហព័ន្ធកំពុងតែរៀបចំពង្រឹងគណៈកម្មការបច្ចេកទេសដោយរៀបចំលក្ខខ័ណ្ឌ និងការប្រឡងខ្សែក្រវាត់ ពីសដល់ខ្សែក្រវាត់ខ្មៅ ឲ្យមានស្ដង់ដារ និងគុណភាពអាចទទួលយកបានដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹកដែលមានបំណងតម្លើងដាន់ខ្សែក្រវាត់របស់ខ្លួន។

ឆ្នាំនេះសហព័ន្ធក៏នឹងបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹក និងអាជ្ញាកណ្ដាលថ្នាក់ជាតិឲ្យបានមួយវគ្គ និងបើកវគ្គបណ្ដុះបណ្ដាលវិធីសង្គ្រោះបឋមដល់គ្រូយូដូដែលជាសមាជិករបស់សហព័ន្ធទៀតផង។ នៅខែតុលាខាងមុខនេះ សហព័ន្ធក៏នឹងបញ្ជូនគ្រូបង្វឹកយូដូចំនួន ២រូប នៅវិទ្យាស្ថានជាតិកូដូកាន់ ( KODOKAN Institute ) នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយភាគីជប៉ុនជាអ្នករ៉ាប់រងលើការហូបចុក និងធ្វើដំណើរ។ តាមរយៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធក៏នឹងបញ្ជូន កីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅប្រទេសជប៉ុនរយៈពេលវែងផងដែរ។ ឆ្នាំនេះសហព័ន្ធនឹងបានទទួលគ្រូបង្វឹកជនជាតិជប៉ុន មួយរូបដែលមានបទពិសោធន៍ក្នុងការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ ដែលសហព័ន្ធបានស្នើសុំតាមរយៈអង្គការ JICA កន្លងមក។

យូដូ ជាប្រភេទកីឡាប្រយុទ្ធលើកម្រាលដែលមានតម្លៃថ្លៃ ហើយទាំងកន្លែងហ្វឹកហាត់ទាំងកន្លែងប្រកួតត្រូវមានដំបូលជញ្ជាំងត្រឹមត្រូវ កីឡាករ-កីឡាការិនី ត្រូវមានឯកសណ្ឋានប្រកួត និងហាត់ក្រាស់ៗទៀតផង៕

 

រូបភាព៖ ខេមរសហព័ន្ធយូដូ Cambodia JUDO Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់