ប្រដាល់គុនខ្មែរ ពង្រឹងគ្រូដើម្បីកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅហ្វីលីពីន

មាស សុផាណារ៉ុង July 12, 2019


 

ភ្នំពេញ៖ ថ្មីៗនេះសមាជិកប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជួបប្រជុំគ្នាដើម្បីរកគន្លឹះពង្រឹងកីឡាប្រដាល់គុនខ្មែរ ដែលកំពុងហ្វឹកហាត់ក្នុងជំរំប្រមូលផ្ដុំឲ្យបង្កើនការហ្វឹកហាត់សម្រាប់កីឡាអាស៊ីអាគ្នេយ៍ ( ស៊ីហ្គេម ) លើកទី៣០ នាចុងឆ្នាំនេះ នៅប្រទេសហ្វីលីពីន។

ឯកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលជាប្រធានអង្គប្រជុំមានប្រសាសន៍ថា លោកបានជំរុញយ៉ាងសកម្មដល់គ្រូបង្វឹកទាំង ២នាក់ គឺលោក អេ ភូថង និងលោក ឡុង សាលវ័ន្ត ឲ្យពង្រឹងការហ្វឹកហាត់ វិន័យដល់កីឡាករ និងតាមដានពីសុខភាព-កម្លាំង របស់ពួកគេជាប្រចាំ។ ប្រសិនបើមានបញ្ហាអ្វីប៉ះពាល់ដល់សុខភាពត្រូវតែពិភាក្សាជាមួយគ្រូពេទ្យជាបន្ទាន់។

លោកឧត្តមសេនីយ៍ រាជ សុផែន ដែលជាអគ្គលេខាធិការរងក៏បានបញ្ជាក់ដែរថានេះជារយៈពេលនៃការហ្វឹកហាត់ បន្តិចទៀតទើបមានការធ្វើតេស្តដើម្បីរកអ្នកល្អ។ អ្នកល្អ និងមានវិន័យ សីលធម៌ល្អគឺជាអ្នកបានទៅប្រកួតស៊ីហ្គេមព្រោះសហព័ន្ធត្រូវការមេដាយ។

សូមបញ្ជាក់ថា កាលស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប្រដាល់គុនខ្មែរ ដណ្ដើមបានមេដាយមាសដែលរកបានដោយកីឡាករ ឃុន ឌីម៉ា និងដណ្ដើមបានមេដាយប្រាក់ មេដាយសំរិទ្ធទៀតផង ហើយសម្រាប់លើកទី៣០នេះ កម្ពុជាក៏រំពឹងថារកបានមេដាយបន្តទៀតដែរ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់