កីឡាអត្តពលកម្ម ៧នាក់ចូលរួម «11th ASEAN School Games 2019» នៅឥណ្ឌូនេស៊ី

មាស សុផាណារ៉ុង July 9, 2019


 

ភ្នំពេញ៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ប្រកាសថានឹងបញ្ជូន ក្រុមកីឡាករ កីឡាការិនី  និងគ្រូបង្វឹកចំនួន ៩នាក់ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន «11th ASEAN School Games 2019» លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី។

លោក ហ៊ុន បូរី ដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានប្រាប់ឲ្យដឹងថាសហព័ន្ធនឹងបញ្ជូនកីឡាករ កីឡាការិនី ចំនួន ៧រូប និងគ្រូបង្វឹក ២រូប ឲ្យទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។ គ្រូបង្វឹកទាំង ២រូបនោះគឺ លោក បូរ ពុធរាត្រី ដែលជាអគ្គលេខាធិការរង និងលោក ពៅ ស៊ីថា ដែលជាគ្រូបង្វឹក។ កីឡាករទាំង ៧រូបនោះរួមមាន កីឡាករ ផាន ផាន់ឈី, កីឡាករ ឡៃ ពិសិដ្ឋ, កីឡាការិនី បែន សីហា, កីឡាការិនី បូ សំណាង, កីឡាការិនី គន ដារ៉ែន, កីឡាការិនី កាន់ ស្រីរ័ត្ន, និងកីឡាការិនី ផល សុវណ្ណារ៉ា។

ចំពោះអត្តពលិកទាំង ៧រូបនោះនឹងលេងលើវិញ្ញាសា ២០០ម៉ែត្រ បុរស-នារី, ៤០០ ម៉ែត្របុរស,  ៨០០ម៉ែត្រនារី, ១៥០០ ម៉ែត្រនារី, ៤x៤០០ម៉ែត្រនារី, ៣០០០ ម៉ែត្របុរស-នារី, ចោលញញ៉ូ និងចោលដុំដែកនារី។

សូមបញ្ជាក់ថា កម្ពុជា នឹងបញ្ជូនកីឡាចំនួន ៥ប្រភេទ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ីអាគ្នេយ៍ លើកទី១១ «11th ASEAN School Games 2019» ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង Semareng – Central Java ប្រទេសឥណ្ឌូនេស៊ី រួមមានកីឡាវាយកូនឃ្លីលើតុ កីឡាអត្តពលកម្ម កីឡាហែលទឹក ប្រភេទកីឡាវាយសី និងកីឡាវាយកូនបាល់៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់