កម្ពុជារៀបចំព្រឹត្តិការណ៍ Cambodia Elephant Trail លើកទី១ នៅឧទ្យានជាតិគីរីរម្យ

មាស សុផាណារ៉ុង July 8, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ លើកទី១ បានធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា នាតំបន់ឧទ្យានជាតិគីរីរម្យ ដែលព្រឹត្តិការណ៍លើកទី១ នេះមានប្រទេសចំនួន៧ចូលរួម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថានេះជាព្រឹត្តិការណ៍មួយដែលធ្វើឡើងដើម្បីអភិរក្សសត្វដំរី នៅតំបន់ឧទ្យានជាតិគីរីរម្យ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមរត់ចំនួន១២០នាក់ ដែលក្នុងនោះមានកម្ពុជា, វៀតណាម, ជប៉ុន, អាមេរិក, អង់គ្លេស, ហ្វីលីពីន និងបារាំង។ កម្ពុជាមានអ្នកចូលរួមរត់ច្រើនជាងគេ បន្ទាប់មកគឺវៀតណាម និងជប៉ុន។

វិញ្ញាសាដែលដាក់ឲ្យរត់មានចម្ងាយ៣២គីឡូម៉ែត្រ ដែលវិញ្ញាសានេះមានអ្នកចូលរួមរត់ចំនួន៧៧នាក់ ក្នុងនោះ៥៨នាក់ ជាបុរស និង១៩នាក់ ជានារី។ វិញ្ញាសារត់១២គីឡូម៉ែត្រ មានអ្នកចូលរួមរត់ចំនួន៤៣នាក់ ក្នុងនោះបុរស២៦នាក់ និងនារីចំនួន១៧នាក់។ នៅតំបន់ឧទ្យានជាតិគីរីរម្យសព្វថ្ងៃមានដំរីកំពុងរស់នៅទីនោះប្រមាណជា៣០ក្បាល។ នេះជាប្រភេទសត្វដ៏កម្រ។ ការបង្កើតព្រឹត្តិការណ៍ Cambodia Elephant Trail នេះគឺដើម្បីបំផុសឲ្យមនុស្សគ្រប់ៗរូបចូលរួមថែរក្សា និងអភិរក្សសត្វដំរី។

ព្រឹត្តិការណ៍នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយទៀត។ លោកអគ្គលេខាធិការមានជំនឿចិត្តថាឆ្នាំក្រោយ នឹងមានអ្នកចូលរួមរត់កាន់តែច្រើនជាងនេះមិនខានឡើយ៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់