កម្ពុជា រៀបចំព្រឹត្តិការណ៍ FINA World Aquatics Day ដែលបំផុសឲ្យកុមារទាំងអស់ចូលរួមហែលទឹកដើម្បីគេចឲ្យផុតពីគ្រោះ

មាស សុផាណារ៉ុង July 6, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាខ្មែរកីឡាហែលទឹក ដែលជាមសាជិកសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ត្រូវរៀបចំព្រឹត្តិការណ៍ FINA World Aquatics Day ដែលនេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហព័ន្ធដែលជាសមាជិក របស់សហព័ន្ធហែលទឹកអន្តរជាតិ។

កម្មវិធីនេះប្រទេសទាំងអស់ត្រូវតែរៀបចំក្នុងពេលវេលាមួយដែលអាចរៀបចំបាន វាជាព្រឹត្តិការណ៍មួយ ដែលបំផុសឲ្យកុមារទាំងអស់ចូលរួមហែលទឹកដើម្បីគេចឲ្យផុតពីគ្រោះមហន្តរាយដោយសារការលង់ទឹក និងគ្រោះថ្នាក់ដោយសារតែមិនចេះហែលទឹក។

សម្រាប់កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ នេះផ្ទាល់តែម្ដង នៅពហុកីឡដ្ឋានមរតកតេជោ និងមជ្ឈមណ្ឌលហែលទឹកតេជោសែន នាខេត្តកំពង់ចាម។ ក្មេងៗទាំងសាលារដ្ឋ និងឯកជន នឹងបានរៀនហែលទឹកជាមួយអ្នកជំនាញហែលទឹក របស់សហព័ន្ធ និងកីឡាកររៀមច្បង។ នេះគឺជាចលនាអន្តរជាតិមួយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិហៅថា ( FINA) បានស្នើឲ្យប្រទេសដែលជាសមាជិករបស់ខ្លួនធ្វើឡើង។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានអះអាងថា នេះជាឆ្នាំទី៣ ហើយដែលកម្ពុជា រៀបចំព្រឹត្តិការណ៍នេះ ហើយក៏ជាឆ្នាំទី៣ ដែលសហព័ន្ធអន្តរជាតិបំផុសឲ្យសហព័ន្ធដែលជាសមាជិករៀបចំព្រឹត្តិការណ៍នេះ។

លោកក៏បានបន្តឲ្យដឹងដែរថា ឆ្នាំនេះលោកបានបំផុសដល់សាលាឯកជននានាដែលមានអាងហែលទឹក ពិសេសសាលាបរទេសឲ្យរៀបចំព្រឹត្តិការណ៍នេះដោយសហព័ន្ធនឹងបញ្ជូនអ្នកជំនាញហែលទឹកទៅបង្រៀនដល់ពួកគេ។ លោកក៏បន្ថែមដែរថាសាលារដ្ឋ ឬឯកជន ដែលមានបំណងចង់បង្កើតឲ្យមានកីឡាហែលទឹកនៅសាលារបស់ខ្លួននោះ អាចស្នើមកសហព័ន្ធសហព័ន្ធនឹងបញ្ជូនគ្រូទៅជួយបង្ហាត់៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់