កីឡាករ-កីឡាការិនីប៉េតង់ ៣០រូប ខិតខំហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍ធំចំនួន២ ចុងឆ្នាំ២០១៩ នេះ

មាស សុផាណារ៉ុង July 5, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតធំៗចំនួន២ នាឆ្នាំនេះបានធ្វើឲ្យ កីឡាករ-កីឡាការិនី ប៉េតង់កម្ពុជា ប្រមាណជិត ៣០រូប បានបង្កើនពេលវេលាហ្វឹកហាត់ដើម្បីចូលរួមប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍ទាំង២នេះ។

ឆ្នាំនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប៉េតង់ ជ្រើសរើសជើងឯកយុវជន និងយុវនារីពិភពលោក ( 2019 Junior Petanque World Championships ) ដែលតាមការគ្រោងទុក នឹងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា និងការប្រកួតប៉េតង់ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសវៀតណាម ឆ្នាំ២០១៩ នេះផងដែរ។

លោក អ៊ឹម ផាត គ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា៖ «ការប្រកួតប៉េតង់ជ្រើសរើសជើងឯកអាស៊ី នៅប្រទេសវៀតណាម ឆ្នាំ២០១៩ មិនបានកំណត់ថ្ងៃខែច្បាស់លាស់ទេ ចំណែកក្រុមប៉េតង់នៅតែធ្វើការហ្វឹកហាត់យ៉ាងសកម្មជារាល់ថ្ងៃដើម្បីត្រៀមខ្លួន ព្រោះយើងជាម្ចាស់មេដាយមាស លើវិញ្ញាសា៣ទល់៣បុរស កាលពីឆ្នាំ២០១៨ នៅប្រទេសថៃ។ សម្រាប់ក្រុមម្ចាស់មេដាយមាស ត្រូវបានអនុញ្ញាតឲ្យ ២ក្រុមចូលរួម ក្នុងនោះមួយក្រុមមានកីឡាករ ៤នាក់ ដូច្នេះកម្ពុជានឹងបញ្ជូនកីឡាករទៅចំនួន៨នាក់»។

លោកគ្រូបង្វឹកជម្រើសជាតិរូបនេះបន្ថែមទៀតថា កីឡាករ ៨នាក់រួមមានក្រុមម្ចាស់មេដាយមាស កីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញឹម សុភ័ណ្ឌ និងកីឡាករ យ៉ា ច័ន្ទតារារិទ្ធ ចំណែកក្រុមទី២ កីឡាករ ញ៉ែម បូរ៉ា កីឡាករ សៀង វណ្ណា កីឡាករ តឹប នរ៉ា និងកីឡាករ ស៊ិន វង់។ រីឯកីឡាករ សុខ ចាន់មាន ធ្វើការប្រកួត ២វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសា ៣ទល់៣បុរស៕

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់