កីឡាករតេក្វាន់ដូ WT វ័យក្មេងកម្ពុជា ៣រូប ចេញទៅហ្វឹកហាត់ និងប្រកួតរយៈពេលមួយខែនៅកូរ៉េ

មាស សុផាណារ៉ុង July 4, 2019


 

ភ្នំពេញ៖ ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានបញ្ជូនកីឡាករវ័យក្មេងចំនួន ៣រូប និងគ្រូបង្វឹក ១រូប ទៅធ្វើការហ្វឹកហាត់ និងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT នៅប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលមួយ ខែពេញចាប់ពីថ្ងៃទី៣ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩។

លោក គង់ សក្ខិដា ដែលជាអគ្គលេខាធិការខេមរសហព័ន្ធ បាននិយាយថា កីឡាករវ័យក្មេងចំនួន ៣រូប និងគ្រូបង្វឹក ១រូបជាជនជាតិកូរ៉េ គឺ លោក Cheon samyeong នឹងធ្វើការហ្វឹកហាត់ និងចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ចំនួន៣ រួមមានការប្រកួតកីឡាតេក្វាន់ដូ «WT Choun You Open» ការប្រកួតកីឡាតេក្វាន់ដូ «WT Kim Un Young Open» ការប្រកួតកីឡាតេក្វាន់ដូ «WT Hamadon» និងការប្រកួតកីឡាតេក្វាន់ដូ WT ក្នុងទិវាសាលាកីឡាតេក្វាន់ដូ WT នៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមួយខែ។

លោកអគ្គលេខាធិការបន្តថា ការចេញទៅប្រកួតលើកនេះលើកវិញ្ញាសាមេគុនជាក្រុមដែលមានកីឡាករ ឈន គីមហាក់ ម្ចាស់មេដាយមាស កីឡាករ សុខ សញ្ចានា ម្ចាស់មេដាយប្រាក់ និងកីឡាករសំណាង វ៉ាន់ណែត ម្ចាស់មេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡា School Games 2019 នៅកម្ពុជា និងជាក្រុមកីឡាជម្រើសជាតិថ្នាល។

លោកបានបន្ថែមថាការហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង នោះនឹងផ្តល់បទពិសោធន៍សម្រាប់កីឡាករវ័យក្មេងទាំង ៣រូប ព្រោះជាការហ្វឹកហាត់ពិសេសក្នុងការត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA GAMES 2019 ) លើកទី៣០ នៅប្រទេសហ្វីលីពីន ប្រព្រឹត្តិចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់