តេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឆ្នាំ២០១៩ បញ្ចប់ដោយជោគជ័យ

មាស សុផាណារ៉ុង July 1, 2019


 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT ( World Taekwondo ) ពានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងងពិធីបិទ ការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី២៩ ខែមិថុនា។

នេះជាការប្រកួតប្រចាំឆ្នាំដ៏សំខាន់មួយដើម្បីផ្ដល់ឱកាសឲ្យអ្នកប្រយុទ្ធវ័យក្មេង ហើយក៏ជាការស្វែងរក កីឡាករ-កីឡាការិនី ល្អៗសម្រាំងទុកឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២។ ការប្រកួតដែលធ្វើនៅអគារប៊ូយ៉ុង នោះមានកីឡាករ-កីឡាការិនី វ័យក្មេងពីគ្រប់ទិសទី ចំនួន ៦០០នាក់ ចូលរួម។

លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជម្រើសជាតិបានប្រាប់ឲ្យដឹងថា ការប្រកួតលើកនេះកីឡាករ-កីឡាការិនី ជិត ៥៨១នាក់ ចូលរួមក្នុងនោះវិញ្ញាសាសម្តែងមេគុណ មានចំនួន៥០១នាក់ និងវិញ្ញាសាប្រយុទ្ធមានចំនួន ៨០នាក់។ នេះជាការជ្រើសរើសយក កីឡាករ-កីឡាការិនី ឆ្នើមៗដើម្បីហ្វឹកហាត់ពិសេសត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GEAMS 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន។

រូបភាពនៃការប្រកួតកាលពី ឆ្នាំ២០១៨

លោក គង់ សក្ខិដា ដែលជាអគ្គលេខាធិការសហព័ន្ធ បាននិយាយថា សម្រាប់ការប្រកួតខាងលើគណៈកម្មការបែងចែកជា ២វិញ្ញាសាធំ គឺវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុណ។ ចំពោះវិញ្ញាសាប្រយុទ្ធ កីឡាករ-កីឡាការិនី ដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ស្ថិតក្នុងវគ្គជម្រុះកម្មវិធី Hope 2023 កាលថ្ងៃទី២៧ ខែមករា និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ រាជធានីភ្នំពេញ និង Hope 2023 កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ចំនួន ៨០នាក់ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិ ឆ្នាំ២០១៩ ឈុតធំ និងក្រុមថ្នាល។

ចំណែកវិញ្ញាសាសម្តែងមេគុនកីឡាករ-កីឡាការិនី ដែលបានប្រឡងឡើងកម្រិតខ្សែក្រវាត់ពណ៌ ( ពណ៌លឿង ដល់ពណ៌ក្រហម ) កន្លងមក និងកីឡាករ-កីឡាការិនីដែលមានកម្រិតខ្សែក្រវាត់ខ្មៅដាន់ពីស្ថាប័ន Kukkiwon (១ដាន់ឡើង) យើងបើកចំហសម្រាប់ក្លិបទាំងអស់នៅទូទាំងប្រទេស៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់