ហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ាន កម្ពុជាមិនបានមេដាយ តែគុណផលល្អជាងមុន

មាស សុផាណារ៉ុង July 1, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ «43rd South East Asia Age Group Swimming Championship 2019» ដែលធ្វើឡើងនៅពហុកីឡដ្ឋានមរតកតេជោ ពីថ្ងៃទី២៨ មកនោះបានបញ្ចប់ហើយនៅថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ។

ប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលចូលរួមនោះមានប្រទេសតែ ៤ប៉ុណ្ណោះ ដែលមិនបានមេដាយ ក្នុងនោះមានកម្ពុជាដែលជាម្ចាស់ផ្ទះមួយផងដែរ។ ប្រទេសដែលមិនបានមេដាយនោះរួមមានកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងប្រទេសប្រ៊ុយណេ។

មេដាយសរុបក្រុមដែលទទួលបានរួមមាន៖

  • វៀតណាម ដណ្ដើមបានមេដាយចំនួន ១០៩គ្រឿង ក្នុងនោះមាស ៤៣គ្រឿង ប្រាក់ ៤១គ្រឿង និងសំរិទ្ធ ៤១គ្រឿង
  • ថៃ រកបានមេដាយសរុបចំនួន ៧៦គ្រឿង ក្នុងនោះមាស ២៨គ្រឿង ប្រាក់ ១៨គ្រឿង និងសំរិទ្ធ១៨គ្រឿង
  • សិង្ហបុរី ដណ្តើមមេដាយសរុប ៤៣គ្រឿង មេដាយមាស ១១គ្រឿង ប្រាក់ ១៨គ្រឿង និងសំរិទ្ធ ១៨គ្រឿង
  • ឥណ្ឌូនេស៊ី ដណ្តើមមេដាយសរុប ២០គ្រឿង ក្នុងនោះមេដាយមាស ១០គ្រឿង ប្រាក់៣គ្រឿង និងសំរិទ្ធ៧គ្រឿង
  • ហ្វីលីពីន ដណ្ដើមបានមេដាយសរុបចំនួន ៣០គ្រឿង ក្នុងនោះមេដាយមាស ៨គ្រឿង ប្រាក់ ១៣គ្រឿង និងសំរិទ្ធ៩គ្រឿង
  • ម៉ាឡេស៊ី ដណ្តើមមេដាយ ៣៧គ្រឿង ក្នុងនោះមេដាយមាស ៧គ្រឿង ប្រាក់ ១៣គ្រឿង និងសំរិទ្ធ ១៧គ្រឿង

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានវិញ្ញាសាប្រកួតគឺមានសរុបទាំងអស់ចំនួន ១០៥វិញ្ញាសា ដែលរួមមានក្រុមទី១ គឺអាយុក្រោម ១៣ឆ្នាំ កីឡាករមាន១៦វិញ្ញាសា និងកីឡាការិនី ១៦វិញ្ញាសា។ ក្រុមទី២ អាយុចាប់ពី ១៤ដល់១៥ឆ្នាំ កីឡាករមានចំនួន១៦វិញ្ញាសា កីឡាការិនី ១៦វិញ្ញាសា និងវិញ្ញាសាជាក្រុមមានចំនួន ៩វិញ្ញាសា។ ក្រុមទី៣ អាយុចាប់ពី ១៦ដល់១៨ឆ្នាំ កីឡាករ មាន ១៦វិញ្ញាសា និងកីឡាការិនីមាន ១៦វិញ្ញាសា។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ទទួលស្គាល់ថាកម្ពុជាពិតជាស្ថិតក្នុងចំណាត់ថ្នាក់មួយលំបាកមែន។ កីឡាករ-កីឡាការិនី វ័យក្មេងកម្ពុជាមានគុណផល (Perfomance) ល្អជាងមុនដោយបានបំបែកនូវពេលវេលាចាស់បង្កើតឡើងនូវពេលវេលាថ្មីដែលប្រសើរជាងមុន។ នេះជាមេរៀនដែលយើងត្រូវតែបង្កើនការខិតខំឲ្យ កាន់តែខ្លាំងជាងនេះ៕

 

រូបភាព៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

អត្ថបទ៖ វ៉ាន្នី

មតិយោបល់