ប្រាក់រង្វាន់ ៤៧១,១០០,០០០រៀល ប្រគល់ជូនអត្តពលិកឈ្នះមេដាយលើកឆាកអន្តរជាតិ

មាស សុផាណារ៉ុង June 28, 2019


 

ភ្នំពេញ៖ ថវិកាចំនួន ៤៧១.១០០.០០០រៀល ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ជូនដល់ កីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ នៃកីឡាចំនួន៣ប្រភេទដែលដណ្ដើមបានមេដាយក្នុងការប្រកួតចំនួន ៤ព្រឹត្តិការណ៍នៅក្រៅប្រទេស។

ពិធីប្រគល់នេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមិថុនា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះរង្វាន់ដែលត្រូវផ្ដល់ជូនរួមមាន ប្រភេទកីឡាសូហ្វតិន្នីស ការប្រកួតជ្រើសរើសជើងឯកយុវជនពិភពលោក លើកទី៣ នៅសាធារណរដ្ឋកូរ៉េ បានមេដាយសំរឹទ្ធចំនួន២គ្រឿង ដែលមួយគ្រឿងៗត្រូវបានរង្វាន់ ១៣លានរៀល រួមជាមួយគ្រូបង្វឹកមួយរូប ថវិកាដែលត្រូវបានទទួល សរុបមានចំនួន ៥៧.២០០.០០០រៀល។

សម្រាប់កីឡាប៉េតង់ ដណ្តើមមេដាយប្រាក់ចំនួន៨គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី១ នៅប្រទេសឥណ្ឌា ដែលមានទឹកប្រាក់ចំនួន ១៣០លានរៀល។ កីឡាតុងហ្គីលម៉ូដូ ដណ្តើមមេដាយមាសចំនួន១គ្រឿង និងសំរឹទ្ធ២គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកពិភពលោកនៅប្រទេសឥណ្ឌា ដែលមានទឹកប្រាក់ចំនួន៦៦លានរៀល។ ដោយឡែកកីឡាសូហ្វតិន្នីស ជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៨ ដណ្តើមមេដាយមាស ៤គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៧គ្រឿង ពីព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ីអគ្នេយ៍ នៅប្រទេសហ្វីលីពីន ដែលមានទឹកប្រាក់ចំនួន ២១៧,៩០០,០០០ រៀល៕

 

រូបភាព៖ អគ្គនាយកដ្ឋានកីឡា

អត្ថបទ៖ វ៉ាន្នី

មតិយោបល់