ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកលក្ខណៈអន្តរជាតិ ព្រឹកមិញជាលើកដំបូងរបស់កម្ពុជា ក្នុងរយៈពេល៥៣ឆ្នាំចុងក្រោយ

មាស សុផាណារ៉ុង June 28, 2019


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកលក្ខណៈអន្តរជាតិ ដែលមានឈ្មោះថា យុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ «43rd Sea Age Groups Swimming Championships» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៅមជ្ឈមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានមរតកតេជោ បានចាប់ផ្ដើមជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ។

ក្នុងពិធីបើក ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ ដែលជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផ្ទាល់ បានអញ្ជេីញជាអធិបតី​ក្នុការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯក យុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ នេះ ដែលមានកីឡាករចូលរួម​ ៤០៦នាក់ និងជារួមមានគ្រូបង្វឹក និងគណៈប្រតិភូគណៈកម្មការ និងកីឡាករកីឡាការិនី ហែលទឹកប្រមាណជាង ៥០០រូប មកពី១០ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ នៅកម្ពុជានេះ មានការចូលរួមពីបណ្ដាប្រទេសចំនួន ១០នៅក្នុងអាស៊ីអាគ្នេយ៍ ដូចជាប្រទេសហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, ឡាវ និងកម្ពុជាម្ចាស់ផ្ទះ។

គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងទៀតថា សម្រាប់វិញ្ញាសាប្រកួត គឺមានសរុបទាំងអស់ចំនួន ១០៥វិញ្ញាសា ដែលរួមមានក្រុមទី១ គឺអាយុក្រោម ១៣ឆ្នាំ កីឡាករមាន១៦វិញ្ញាសា និងកីឡាការិនី ១៦វិញ្ញាសា។ ក្រុមទី២ អាយុចាប់ពី ១៤ដល់១៥ឆ្នាំ កីឡាករមានចំនួន១៦វិញ្ញាសា កីឡាការិនី ១៦វិញ្ញាសា និងវិញ្ញាសាជាក្រុមមានចំនួន ៩វិញ្ញាសា។ ក្រុមទី៣ អាយុចាប់ពី ១៦ដល់១៨ឆ្នាំ កីឡាករ មាន ១៦វិញ្ញាសា និងកីឡាការិនីមាន ១៦វិញ្ញាសា។

បើតាមការគូសបញ្ជាក់ដោយឯកឧត្តមទេសរដ្ឋមន្រ្តី បានឲ្យដឹងថា​ នេះជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ លើកដំបូងរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ១៩៦៦ ដែលពេលនោះ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកីឡា ( Games Ganefo ) អាស៊ីលើកទី១ ដែលគិតមកទល់ពេលនេះគឺមានរយៈពេល ៥៣ឆ្នាំគត់។

ហើយការរៀបចំការប្រកួតនាពេលនេះ បានបង្ហាញពីការពង្រឹងទំនាក់ទំនង រឹតចំណងមិត្តភាព សាមគ្គីភាព និង ការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនានា ក៏ដូចជាដើម្បីពង្រឹង សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកផងដែរ។

សូមបញ្ជាក់ផងដែរថា កម្ពុជានឹងដាក់ កីឡាករ -កីឡាការិនី វ័យក្មេងចំនួន២០នាក់ ( ១០រូបជាយុវជន និង១០រូបជាយុវនារី ) គ្រូបង្វឹក និងគណៈប្រតិភូ ចំនួន៥នាក់ ដើម្បីចូលរួមក្នុងការប្រកួតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផងដែរ។ ក្នុងការប្រកួតមានមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ ចំនួន១៥នាក់ មន្ត្រីគណៈកម្មការបច្ចេកទេសកម្ពុជា ចំនួន១០០នាក់៕

 

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

អត្ថបទ៖ ណារ៉ុង

មតិយោបល់