ក្រុមបាល់ឱបនារីកម្ពុជាបង្កើតភាពភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍ Bangkok International Rugby Tens Tournament

នូ មករា March 10, 2016


ក្រុមបាល់ឱបនារីដែលបានទទួលការបណ្តុះបណ្តាលដោយ Kampuchea Balopp ដែលជាក្លឹបបាល់ឱបដ៏ធំមួយនៅកម្ពុជាបានក្លាយជាក្រុមកីឡាការិនីដំបូងគេរបស់កម្ពុជាដែលបានចូលរួមក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់ Bangkok International Rugby Tens Tournament  ដែលជាការប្រកួតខ្នាតអន្តរជាតិប្រចាំឆ្នាំដ៏ធំមួយ។ ក្រោយពីបានចំណាយពេលដ៏នឿយហត់ក្នុងការប្រកួតនេះរួចមក ពួកគេបានត្រលប់មកកាន់ទីក្រុងភ្នំពេញវិញកាលពីថ្ងៃចន្ទជាមួយនឹងរូបភាពល្អៗជាច្រើនរួមទាំងការទទួលបាននូវបទពិសោធន៍ថ្មីៗផងដែរ។ កីឡាការិនីបាល់ឱបទាំង ១៦ រូបដែលបានទទួលការហ្វឹកហាត់ពីក្រុមការងារ Kampuchea Balopp ធ្វើបានយ៉ាងល្អក្នុងការប្រកួតកាលពីចុងសប្តាហ៍មុននិងបានបង្កើតភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍នោះព្រមទាំងទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងចំណោម ៥ ក្រុមថែមទៀតផង។ សូមបញ្ជាក់ថា ក្នុងចំណោមការប្រកួតចំនួន ៤  ក្រុមបាល់ឱបនារីកម្ពុជាបានឈ្នះ ២ ដងនិងចាញ់ ២ដង នេះគឺជាលទ្ធផលវិជ្ជមានមួយដែលបានបង្ហាញឲ្យឃើញថា ពួកគេបានកំពុងតែបោះជំហានយ៉ាងល្អនៅក្នុងវិស័យកីឡាបាល់ឱបក្នុងតំបន់អាស៊ាននេះ។ ក្នុងដំណើរចាកចេញពីប្រទេសកម្ពុជា និងបន្ទាប់ពីបានធ្វើដំណើរតាមរយៈឡានក្រុងអស់រយៈពេល ១៦ម៉ោងកាលពីថ្ងៃសុក្រសប្តាហ៍មុនរួចមក ក្រុមបាល់ឱបនារីបានចូលប្រកួតដំបូងនៅវេលាម៉ោង ៦ ល្ងាចថ្ងៃសៅរ៍ជាមួយនឹងក្រុម Chula University of Bangkok។ ជាមួយនឹងបទពិសោធន៍របស់ពួកគេ ក្រុមម្ចាស់ផ្ទះមិនផ្តល់ឱកាសឲ្យក្រុមបាល់ឱបកម្ពុជាមានឱកាសក្នុងការគ្រប់គ្រងបាល់នោះទេ ដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះក្នុងលទ្ធផល ១៥-០។ ក្រោយមកនៅថ្ងៃអាទិត្យពេលព្រឹកបន្ទាប់ពីក្រុមទាំងមូលបានសម្រាកហើយរាងកាយពោរពេញដោយកម្លាំងពលំនោះអ្វីៗក៏បានផ្លាស់ប្តូរតែម្តងដោយនៅក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Kuala Lumpur Tigers គឺពិតជាការប្រកួតមួយដ៏ល្អដោយក្រុមកម្ពុជារកបានពិន្ទុដោយកីឡាការិនី សុទ្ធ ចាន់ធូ បន្ទាប់មកក្រុមកម្ពុជាក៏បានការពារយ៉ាងល្អក្នុងតង់ទី២ បើទោះបីជាក្រុម Kuala Lumpur Tigers ព្យាយាមរកពិន្ទុយ៉ាងណាក៏ដោយក៏នៅតែមិនអាចធ្វើបានសម្រេចឡើយ ដូច្នេះក្រុមបាល់ឱបកម្ពុជាក៏ទទួលបានជ័យជម្នះលើកដំបូងរបស់ខ្លួនក្នុងការប្រកួតនេះតែម្តង។

បន្ទាប់មកទៀត ក្នុងការប្រកួតជាមួយនឹងក្រុម Royal Air Force ដែលជាក្រុមមួយដែលតែងតែហ្វឹកហាត់ស្ទើររៀងរាល់ថ្ងៃមិនត្រឹមតែប៉ុណ្ណោះកីឡាការិនី ៦ នៅក្នុងក្រុមនេះរូបសុទ្ធតែជាសមាជិកក្រុមជម្រើសជាតិដែលបានឈ្នះនៅក្នុងការប្រកួតស៊ីហ្គេមផងដែរ។ យ៉ាងណាក៏ដោយ នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ក្រុមកម្ពុជាដែលបានលេងជាមួយក្រុមដែលមានបច្ចេកទេសខ្ពស់បែបនេះ ហើយបើទោះបីជានៅចុងបញ្ចប់ក្រុមកម្ពុជាចាញ់ក៏ពិតមែន ប៉ុន្តែក្រុមកម្ពុជាទទួលបាននូវបទពិសោធន៍ដើម្បីរៀនសូត្រ និងត្រៀមខ្លួនសម្រាប់ការប្រកួតចុងក្រោយជាមួយក្រុម Bangkok Banger Belles នាពេលបន្ទាប់ទៀត។ ក្នុងការប្រកួតចុងក្រោយនេះពិតជាសំខាន់ណាស់សម្រាប់លោកគ្រូបង្វឹកដោយលោកបាននិយាយប្រាប់កីឡាការិនីទាំងអស់ថា៖ «យើងមានសង្ឃឹមក្នុងការទទួលបានជ័យជម្នះ ២ ប្រកួតត្រលប់មកប្រទេសកម្ពុជាវិញ។ នៅក្នុងតង់ទី១ ក្រុមទាំងពីរសុទ្ធតែធ្វើបានល្អដូចគ្នា ដោយក្រុមទាំងពីរបានការពារយ៉ាងល្អដោយគ្មានក្រុមណាអាចរកពិន្ទុបានទេ។ ដោយឡែកនៅក្នុងតង់ទី២ កីឡាការិនី សុទ្ធ ចាន់ធូ រកបានពិន្ទុម្តងទៀតក្រោយការលេងយ៉ាងល្អរបស់កីឡាការិនី ឈុន សុខផល្លីន ដែលបានបង្កើតឱកាសសម្រាប់មិត្តរួមក្រុមរបស់ខ្លួននោះ។ ប៉ុន្តែក្រុម Bangkok Banger Belles មិនចង់ទទួលបរាជ័យក្នុងការប្រកួតជាមួយក្រុមបាល់ឱបកម្ពុជានោះទេ (បន្ទាប់ពីបានចាញ់នៅក្នុងការប្រកួតជាមួយ Bangkok 7’s រួចមកនោះ) ហើយពួកគេបានគ្រប់គ្រងបាល់រហូតដល់ចប់ការប្រកួត ដោយពិតជាព្យាយាមរកពិន្ទុដែរប៉ុន្តែក្រុមកម្ពុជាធ្វើការការពារបានយ៉ាងល្អរហូតដល់ចប់ការប្រកួតដោយមិនបណ្តោយឲ្យក្រុម Bangkok Banger Belles រកបានពិន្ទុនោះទេ នៅពេលដែលអាជ្ញាកណ្តាលផ្លុំបញ្ចប់ការប្រកួតនោះ នៅពេលនោះក្រុមបាល់ឱបនារីពិតជាសប្បាយរីករាយជាខ្លាំង។» លោកក៏បានបន្តទៀតថា៖ «យើងក៏សូមអរគុណដល់អ្នកឧបត្ថម្ភដូចជា Phoenix ASEAN Law Firm, IRCO Design & Consulting and Rugby Club Biel Bienne ដែលបានជួយដល់ក្រុមកម្ពុជាបាល់ឱបឲ្យបានចូលរួមក្នុងការប្រកួត Bangkok International Rugby Tens Tournament លើកទី១១ នេះ។»

2

IMG_2929

IMG_2975

IMG_2988

អត្ថបទ៖ រិទ្ធី

រូបភាព៖ Kampuchea Balopp

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត