ប្រមុខសហព័ន្ធថ្មី កីឡាទោចក្រយាន៖ «កីឡាត្រូវតែមានការអភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងធ្វើទំនើបកម្មកង់ឲ្យទាន់សម័យ»

មាស សុផាណារ៉ុង June 28, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា ( Cambodian Cycling Federation – CCF ) កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា បានធ្វើមហាសន្និបាត ដោយមានការចូលលរួមពីសំណាក់ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ប៉ាន សូរស័ក្តិ ដែលជាប្រធានសហព័ន្ធថ្មី។

ក្នុងខណៈដែលសមាជិកប្រតិបត្តិមួយចំនួនដកខ្លួនចេញរួមផ្សំជាមួយនឹង លោក នុត សាអាន ដែលជាប្រធានសហព័ន្ធមិនមានពេលវេលាគ្រប់គ្រាន់នោះលោកក៏បានប្រកាសដកខ្លួនចេញដើម្បីឲ្យសហព័ន្ធដែលមានសក្ដានុពលមួយនេះធ្វើមហាសន្និបាតវិសាមញ្ញពាក់កណ្ដាលអាណត្តិដើម្បីជ្រើសរើសប្រធានថ្មី។

អាណត្តិដែលមិនទាន់ចប់នេះមានសមាជិកប្រតិបត្តិចំនួន១៥រូប តែបន្ទាប់ពីធ្វើមហាសន្និបាតវិសាមញ្ញទៅសមាជិកប្រតិបត្តិបន្សល់ទុកត្រឹមតែ ១៣រូបប៉ុណ្ណោះ។ តាមការនោះថាប្រកាសឲ្យដឹងពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នោះថា ឯកឧត្តម ប៉ាន សូរស័ក្តិ ជាប្រធានសហព័ន្ធ រួមជាមួយអនុប្រធានសហព័ន្ធចំនួន៣រូប គឺលោក កឹម សុខុន ជាអនុប្រធានទី១ លោកឧកញ៉ា វង្ស ខាន​ពៅ ដែលជាអគ្គលេខាធិការសហព័ន្ធនោះជាអនុប្រធានទី២ និងលោក ស៊ាង ថៃ ជាអនុប្រធានទី៣។

ជាមួយនឹងការឡើងកាន់តំណែងថ្មីឯកឧត្តម ប៉ាន សូរស័ក្តិ អះអាងថាកីឡាត្រូវតែមានការអភិវឌ្ឍន៍ទាំងធនធានមនុស្ស ទាំងធ្វើទំនើបកម្មកង់ឲ្យទាន់សម័យ។ កីឡាករ-កីឡាការិនី មានសមត្ថភាព តែកង់អន់ក៏មិនអាចប្រកួតឈ្នះគេដែរ។ កម្ពុជាមិនត្រឹមតែត្រូវការកង់ទំនើបប៉ុណ្ណោះទេតែក៏ត្រូវការគ្រូបង្វឹកកម្រិតខ្ពស់ និងការបណ្ដុះបណ្ដាលអត្តពលិកនៅក្រៅប្រទេសទៀតផង។ សូមបញ្ជាក់ថាឯកឧត្តម ប៉ាន សូស័ក្តិ ក៏បានប្រកាសតែងតាំង លោក នុត សាអាន ដែលសុំដកខ្លួនចេញនោះជាប្រធានកិត្តិយសទៀតផង។

ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថាជាសហព័ន្ធមួយគឺត្រូវរៀបចំគ្រូបង្វឹក មន្ត្រីបច្ចកទេស អាជ្ញាកណ្ដាលមន្ត្រីរដ្ឋបាលឲ្យបានត្រឹមត្រូវ។ ការប្រណាំងកង់មាន៤វិញ្ញាសា គឺប្រណាំងតាមដងផ្លូវ, ប្រណាំងតាមភ្នំ, ប្រណាំងក្នុងសាល និងការសំដែងកង់ចម្រុះ។ កម្ពុជាលេងតែវិញ្ញាសាប្រណាំងតាមផ្លូវ និងប្រណាំងតាមភ្នំតែប៉ុណ្ណោះ ហេតុនេះត្រូវតែលើកទឹកចិត្តដល់ កីឡាករ-កីឡាការិនី ដែលលេងវិញ្ញាសានេះ៕

 

រូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា Cambodian Cycling Federation – CCF

អត្ថបទ៖ វ៉ាន្នី

មតិយោបល់