នគរបាលកម្ពុជា ត្រៀម១៥ប្រភេទកីឡា ចូលរួមការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ នៅចិន

មាស សុផាណារ៉ុង June 27, 2019


 

ភ្នំពេញ៖ ឯកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពកីឡានគរបាលជាតិ បានប្រកាសនឹងបញ្ជូនកីឡាចំនួន ១៥ប្រភេទកីឡា ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ នៅទីក្រុង Chengdu ប្រទេសចិន។

ព្រឹត្តិការណ៍នេះមានឈ្មោះថា «The 18th World Police and Fire Games 2019» ជាការប្រកួតដែលមានរយៈពេល ១១ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។

នេះជាលើកទី១ ហើយដែលនគរបាលកម្ពុជា ចូលក្នុងព្រឹត្តិការណ៍ហ្គេមពិភពលោកផ្នែកប៉ូលីសបែបនេះ។ កីឡាទាំង ១៥ប្រភេទ នេះមានចំនួនសរុបទាំងប្រតិភូដឹកនាំគ្រូបង្វឹក មន្ត្រីផ្លូវការចំនួន ៩៦រូប ហើយថវិកាចេញទៅប្រកួតត្រូវបានឧបត្ថម្ភដោយសម្ដេចក្រឡាហោម ស ខេង ទាំងស្រុង។

ប្រភេទកីឡាទាំង១៥នេះរួមមាន ការាតេ-ដូ, តេក្វាន់ដូ, WT Decathlon ដែលជាប្រភេទកីឡាមាន ១០វិញ្ញាសា នៃប្រភេទកីឡាអត្តពលកម្ម, ប្រភេទកីឡា Heptathlon ( មាន ៧វិញ្ញាសានៃប្រភេទកីឡាអត្តពលកម្ម ) ចំបាប់, យូដូ, វាយសី, ហែលទឹក, វាយកូនឃ្លីលើតុ, ទ្រីយ៉ាត្លុង, អត្តពលកម្ម, ប្រភេទកីឡាទូកនាគ ( ទូកប្រពៃណី ), ពាក់កណ្ដាលម៉ារ៉ាតុង, ជីជីតស៊ូ និងបាល់ឱប៕

 

រូបភាព៖ អង្គភាពកីឡាក្រសួងមហាផ្ទៃ

អត្ថបទ៖ វ៉ាន្នី

មតិយោបល់