ពហុកីឡដ្ឋានថ្មីរបស់ហ្វីលីពីន ត្រៀមសម្រាប់ SEA Games 2019 សាងសង់រួចរាល់ ៨០ភាគរយ

មាស សុផាណារ៉ុង June 27, 2019


 

ហ្វីលីពីន៖ ពហុកីឡដ្ឋានថ្មីរបស់ហ្វីលីពីន ដែលត្រៀមសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ( SEA Games 2019 ) បាននឹងកំពុងដំណើរការសាងសង់បានប្រមាណ ៨០ភាគរយ សម្រាប់កីឡដ្ឋានចម្បងដែលមានទីតាំងក្នុងទីក្រុង Kapas។

យោងតាមការចុះផ្សាយនៅលើសារព័ត៌មានរបស់ហ្វីលីពីន បានបង្ហាញឲ្យដឹងថា អាជ្ញាធរអភិវឌ្ឍន៍កំណែទម្រង់មូលដ្ឋាន (BCDA) បានរាយការណ៍ពីដំណើរការដែលពហុកីឡដ្ឋាន បានធ្វើការសាងសង់សម្រេចបានជាង ៨០ភាគរយ នៃពហុកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជនបាន ២ម៊ឺននាក់, មជ្ឈមណ្ឌលអាងហែលទឹក ដែលផ្ទុកបាន ២,០០០ កៅអី និងសួនច្បារប្រវែង ១,៤ គីឡូម៉ែត្រ។ តាមគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងមូលនៃពហុកីឡដ្ឋាននេះនឹងត្រូវបានបញ្ចប់ទាំងស្រុង មុនថ្ងៃទី១៥ ខែតុលា ពោលគឺនៅមុនព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ( SEA Games ) លើកទី៣០ មកដល់ នៅក្នុងខែវិច្ឆិកា។

ជាមួយគ្នាផងដែរម្ចាស់ផ្ទះហ្វីលីពីន បានសម្រេចយកការធ្វើពិធីបើកនៅក្នុងកីឡដ្ឋានក្នុងសាល ដែលជារឿងប្លែកថ្មីមួយនៅក្នុងកីឡាប្រចាំតំបន់មួយនេះ រៀបចំកន្លងៗមកប្រើប្រាស់តែកីឡដ្ឋានខ្នាតធំទូលាយ និងផ្ទុកទស្សនិកជនរាប់ម៊ឺននាក់។ សូមបញ្ជាក់ថា ហ្វីលីពីន បានជ្រើសរើសយកកីឡដ្ឋានក្នុងសាលនេះធ្វើជាទីតាំងសម្រាប់ពិធីបើក គឺដោយសារតែមានទំហំធំ ពោលចំនួនផ្ទុកទស្សនិកជន អាចដាក់បានរហូតដល់ ៥៥,០០០ នាក់ មិនតែប៉ុណ្ណោះកីឡដ្ឋានដដែលនេះ គឺត្រូវបានចុះជាកំណត់ត្រាថា ជាកីឡដ្ឋានក្នុងសាលដែលធំជាងគេលើពិភពលោកផងដែរ តាមពីក្រោយដោយកីឡដ្ឋានក្នុងសាលរបស់បារាំង នៅលេខ២ ដែលផ្ទុកបាន ៤០,០០០ នាក់។ លក្ខណៈពិសេសដទៃទៀត កីឡដ្ឋានដដែលនេះ គឺស្ថិតនៅក្នុងរដ្ឋធានីម៉ានីល ដែលជាទីតាំងមានប្រភេទកីឡាសំខាន់ៗជាច្រើនប្រកួតនៅទីនេះ។

កីឡដ្ឋានសម្រាប់ពីធីបើក

យ៉ាងណាមិញសម្រាប់ពិធីបិទ នឹងធ្វើឡើងនៅកីឡដ្ឋានថ្មីនេះ New Clark City ដែលកំពុងដំណើរសាងសង់នេះផ្ទាល់តែម្ដង។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩នេះ ( SEA Games 2019 ) ប្រភេទកីឡាត្រូវបានម្ចាស់ផ្ទះកំណត់រួចរាល់ហើយ ដោយក្នុងនោះមានរហូតដល់ ៥៦ប្រភេទកីឡា មាន ៥២៣ វិញ្ញាសា ដាក់ឲ្យប្រកួត និងត្រូវបានចាត់ទុកថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍កីឡាធ្វើរៀងរាល់ ២ឆ្នាំម្ដងមួយនេះ ដែលមានប្រភេទកីឡាប្រកួតច្រើនជាងគេពុំធ្លាប់មានចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៩ មក៕

គម្រោងប្លង់ពហុកីឡដ្ឋាន New Clark City Sports Hub ទាំងមូល

 

រូបភាព៖ New Clark City Flyers / Philstar

អត្ថបទ៖ ណារ៉ុង

មតិយោបល់