អ្នកចូលរួមមកពី ៣៨ប្រទេសបានចុះឈ្មោះរត់ម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរនៅខែសីហាខាងមុខ

នូ មករា June 26, 2019


ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរលើកទី៦ ឆ្នាំ២០១៩ (6th Khmer Empire Full Marathon) នឹងធ្វើនៅថ្ងៃទី៤ ខែសីហាលើទឹកដីខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍នេះ ក្រៅពីរត់ម៉ារ៉ាតុងដែលមានចម្ងាយ៤២,១៩៥ម៉ែត្រ ក៏មានរត់ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) រត់១០គីឡូម៉ែត្រ និងរត់កម្សាន្ដជាលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រផងដែរ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថា ថវិកាដែលបានមកពីព្រឹត្តិការណ៍នេះគឺសម្រាប់ប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌ដូចឆ្នាំមុនៗដែរហើយទោះបីព្រឹត្តិការណ៍នេះនៅមិនទាន់មានអ្នកចូលរួមច្រើនក៏ពិតមែនប៉ុន្តែលោកជឿថាយ៉ាងហោចណាស់ក៏ចំនួនអ្នករត់កើនឡើងប្រមាណ ១០ភាគរយដែរ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះចំនួនអ្នកចុះឈ្មោះរត់បាន ១.០០០នាក់ហើយមកពី៣៨ប្រទេសក្នុងនោះមានចុះឈ្មោះរត់ម៉ារ៉ាតុង ៤២គីឡូម៉ែត្រមានចំនួនជិត ៦០០នាក់ហើយអ្នកចុះឈ្មោះរត់ ២១គីឡូម៉ែត្រមានចំនួនជាង ៥០០នាក់។


លោក វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា រដូវនេះជារដូវដែលជនជាតិអាស៊ីវិស្សមកាលហេតុនេះអ្នករត់ភាគច្រើនជាជនជាតិអាស៊ីដែលក្នុងនោះចិនមានចំនួនច្រើនជាងគេក្រៅពីនោះជប៉ុនអាចនៅលំដាប់លេខ២ និងម៉ាឡេស៊ីនៅលំដាប់លេខ៣។

បើតាម លោក សែម ផល្លា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងថាគណៈកម្មការរៀបចំព្រឹត្តិការណ៍នេះបានរៀបចំស្ថានីយ៍ផឹកទឹករាល់ចម្ងាយផ្លូវ២គីឡូម៉ែត្រមានមួយកន្លែង រួមទាំងស្នាក់ការពេទ្យ៣កន្លែង រថយន្ដ៨គ្រឿងដែលក្នុងនោះ៥គ្រឿងប្រចាំការ និង៣គ្រឿងចល័តព្រមទាំងមធ្យោបាយសង្គ្រោះបឋមមួយចំនួនទៀត។ ចំពោះការចេញដំណើររត់ចម្ងាយ៤២គីឡូចាប់ផ្តើមនៅម៉ោង ៤:៣០នាទីព្រឹក ចំណែក២១គីឡូម៉ែត្រនឹងចាប់ផ្តើមនៅម៉ោង៥និង៣០ ហើយចម្ងាយ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រចេញដំណើរម៉ោង៥:៤៥នាទីដោយរត់ចេញពីមុខអង្គរវត្តចូលមកក្រុងវិញ។

សូមរំលឹកថា កាលពីឆ្នាំកន្លងមកមានអ្នកចូលរួមរត់ជាង ៣.០០០នាក់ តែនាពេលកន្លងមកសម្រាប់អ្នករត់ជនជាតិខ្មែរច្រើនមានការចុះឈ្មោះយឺតយ៉ាវ ខ្លះទាល់តែជិតដល់ថ្ងៃទើបមកចុះឈ្មោះរីឯខ្លះទៀតមករត់ដោយមិនចុះឈ្មោះក៏មានដែរ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់