ប្រមុខកីឡាហែលទឹក ត្រៀមរង្វាន់ ៤លានរៀល លើកទឹកចិត្តអត្តពលិកឈ្នះមេដាយមាស ហែលទឹកជើងឯកយុវជនអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

មាស សុផាណារ៉ុង June 25, 2019


 

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ «43rd South East Asia Age Group Swimming Championship 2019» នឹងចាប់ផ្ដើមនៅពហុកីឡដ្ឋានមរតកតេជោ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹក បានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ កីឡាករ-កីឡាការិនី ហែលទឹកកម្ពុជា ដែលដណ្ដើមបានមេដាយទៀតផង។

ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ នឹងប្រព្រឹត្តជាផ្លូវការនាថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាជធានីភ្នំពេញក្នុងប្រទេសកម្ពុជា។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ក្នុងនាមលោកប្រធានសហព័ន្ធខ្មែរហែលទឹកបានប្រកាសផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់កីឡាករកីឡាការិនីហែលទឹកដែលដណ្តើមបានមេដាយមាសទទួលបានទឹក ប្រាក់ចំនួន ៤លានរៀល ( ប្រហាក់ប្រហែល ១ពាន់ដុល្លារ ) មេដាយប្រាក់ទទួលបានទឹកប្រាក់ ចំនួន ២លានរៀល ( ប្រហាក់ប្រហែល ៥០០ដុល្លារ ) និងមេដាយសំរិទ្ធ ទទួលបានទឹកប្រាក់ចំនួន ១,២០០,០០០ រៀល ( ប្រហាក់ប្រហែល ៣០០ដុល្លារ ) ហើយថវិកាឧបត្ថម្ភខាងលើកទាំងនេះជារបស់សហព័ន្ធ។

សូមបញ្ជាក់ថានេះជាលើកដំបូងហើយដែលប្រទេសកម្ពុជារៀបចំព្រឹត្តិការណ៍ហែលទឹកកម្រិតតំបន់បែបនេះ សម្រាប់ការប្រកួតវ័យក្មេងបែបនេះកម្ពុជាមានសង្ឃឹមថាអាចនឹងមានឱកាសដណ្ដើមបានមេដាយជាមិនខាន៕

 

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

អត្ថបទ៖ វ៉ាន្នី

មតិយោបល់