កម្ពុជា គ្រោងរៀបចំការប្រកួតកីឡាអុកចត្រង្គប្រពៃណីខ្មែរប្រចាំតំបន់អាសុីអាគ្នេយ៍នៅឆ្នាំ២០២០

នូ មករា June 25, 2019


ភ្នំពេញ៖ ក្នុងគោលដៅឆ្ពោះទៅកាន់មេដាយមាសស៊ីហ្គេមនាឆ្នាំ២០២៣នោះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានបង្ហាញពីគម្រោងរៀបចំព្រឹត្តិការណ៍ប្រកួតអុកចត្រង្គជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកដំបូងនៅឆ្នាំ២០២០ ខាងមុខ។ បើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ការប្រកួតនេះរៀបចំឡើងដើម្បីដកស្រង់បទពិសោធន៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៣ ដោយកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតអាស៊ីអាគ្នេយ៍ពោលគឺនឹងអញ្ជើញប្រទេសទាំង ១០ផ្សេងទៀតមកប្រកួតអុកប្រចាំតំបន់ដើម្បីជាបទពិសោធន៍ឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។

លោកបានបន្តថា លោកក៏បានជំរុញសហព័ន្ធត្រូវបង្កើតធនធានអ្នកបច្ចេកទេស និងអ្នកជំនាញដើម្បីបញ្ជូនទៅផ្សព្វផ្សាយក៏ដូចជាបង្រៀននូវក្បួនច្បាប់នៃការលេងអុកចត្រង្គដល់បណ្ដាប្រទេសក្នុងតំបន់ដើម្បីឲ្យប្រទេសទាំងនោះបានយល់ និងងាយស្រួលក្នុងការមកចូលរួមប្រកួតពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា បច្ចុប្បន្នមាន ៤ប្រទេសហើយដែលត្រៀមខ្លួនចូលរួមស៊ីហ្គេមនៅកម្ពុជា ដូចជាឡាវ វៀតណាម មីយ៉ាន់ម៉ា និងហ្វីលីពីនជាដើម។

គួបញ្ជាក់ផងដែរថា ការប្រកួតកីឡាស៊ីហ្គេមគឺមានការប្រកួតប្រជែង ២រូបភាព គឺកីឡាអូឡាំពិកទំនើប និងកីឡាប្រពៃណីដើម្បីផ្សព្វផ្សាយពីកីឡាវប្បធម៌របស់ប្រទេសនីមួយ ក្នុងនោះដែរកីឡាអុកចត្រង្គ គឺជាកីឡាប្រពៃណីរបស់កម្ពុជា ហេតុនេះ សហព័ន្ធត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតនាស៊ីហ្គេម ឆ្នាំ២០២៣ ទាំងធនធានកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេស៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់